
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ បុគ្គលោក និងអ្នកសម្រាកនៅមន្ទីរសម្រាកព្យាបាល៧៧៧ក្នុងក្រុងសៀមរាប មិនមានវិជ្ជមានកូវីដ១៩នោះឡើយ ក្រោយលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានទាំង៣លើក។
បើតាមមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប នៅថ្ងៃនេះ បានឱ្យដឹងថា ចាប់ពីរសៀលថ្ងៃទី២០ ខែមីនា ដែលរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ក្នុងមន្ទីរសម្រាកព្យាបាល រហូតដល់បច្ចុប្បន្ននេះ បុគ្គលិកនៃមន្ទីរសម្រាកព្យាបាល និងអ្នកជំងឺ ដែលកំពុងធ្វើចត្ដាឡីស័កក្នុងមន្ទីរសម្រាកទាំងអស់ បានធ្វើតេស្ដចំនួន៣លើកមកហើយ ដែលលទ្ធផលសុទ្ធតែអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់។
ខណៈសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ពីលទ្ធផលហើយនោះ ខាងមន្ទីរពេទ្យនេះមិនបានបញ្ជាក់ពីចំនួននៃអ្នកដែលពាក់ព័ន្ធសរុបនោះទេ។
យ៉ាងណាមិញ អ្នកដែលតេស្តលើកទី៣ ហើយទទួលបានលទ្ធផលអវិជ្ជមាននេះ នឹងបន្តធ្វើតេស្ដជាលើកទី៤ នៅចុងសប្ដាហ៍នេះ ដើម្បីបញ្ជាក់ច្បាស់ថាគ្មានជំងឺកូវីដ១៩។
ក្នុងនោះដែរខាងមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប បានបញ្ជាក់ថាខ្លួនគ្រោងនឹងបើកដំណើរការឡើងវិញ បន្ទាប់ពីការធ្វើតេស្ដលើកទី៤រួចរាល់។
សូមជម្រាបជូនថា មន្ទីរសម្រាកព្យាបាលខាងលើនេះ ធ្លាប់មានបុរសម្នាក់នៅសង្កាត់គោកចកវិជ្ជមានកូវីដ១៩ ហើយបានមកពិនិត្យសុខភាព និងសម្រាកព្យាបាល នៅកន្លែង៣កន្លែងផ្សេងទៀតក្នុងក្រុងសៀមរាប មុនរកឃើញថាបុរសរូបនោះកើតជំងឺនេះនៅមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
គួររំលឹកថា នៅខេត្តសៀមរាប អ្នកមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតមកទល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានចំនួន០៩នាក់តែប៉ុណ្ណោះ៕
