កំពង់ធំ៖ យោងតាមសេចក្ដីប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៧មីនានេះ បានចូលរួមអបអរសាទរចំពោះ លោកយាយ អាយុ ៧៥ឆ្នាំម្នាក់ មកពីភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺឆ្លងកូវីដ១៩ហើយ។ លោកយាយត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក១៤ថ្ងៃបន្តទៀត នៅស្រុកកំណើតលោកយាយ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។
ជាការឆ្លើយតបនៃការជាសះស្បើយរបស់លោកយាយខាងលើនេះ អាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមគ្រួសារលោកយាយផ្ទាល់ សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុមRRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្តកំពង់ធំទាំងអស់គ្នា ដែលបានយកចិត្តទុកដាក់រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឱ្យបានឆាប់បំផុត៕