
ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះសុគន្ធ នីសា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីអ្នកនាងមានវិជ្ជមានកូវីដ១៩ និងបានសម្រាកព្យាបាលនៅ The Great Dukeអស់រយៈពេលជាច្រើនថ្ងៃ។ នេះបើតាមការបង្ហោះលើគណនីយហ្វេសប៊ុកជាផ្លូវការរបស់តារាចម្រៀងសុគន្ធ នីសា(Sokun Nisa) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
យោងតាមខ្លឹមសារ អ្នកនាងបានបង្ហោះសារប្រាប់ទៅមហាជនថា ថ្ងៃនេះអ្នកនាងបានជាហើយ ដោយអ្នកនាងបន្តថាគ្រូពេទ្យឱ្យអ្នកនាងចេញទៅផ្ទះវិញបានថ្ងៃនេះផងដែរ ប៉ុន្តែក៏ត្រូវបន្តការឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន 14 ថ្ងៃបន្ថែមទៀតដែរ ហើយអ្នកនាងនឹងគោរពតាមគោលការណ៍នេះដើម្បីសុវត្ថិភាពក្រុមគ្រួសាររបស់អ្នកនាងផ្ទាល់។
គួរបញ្ជាក់ថា តារាចម្រៀងល្បីឈ្មោះសុគន្ធ នីសា បានតេស្តរកឃើញមានវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី១០ ខែមីនានេះ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញយកមកសម្រាកព្យាបាលរហូតដល់ជាសះស្បើយ៕
