ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ និងធ្លាប់ទៅទទួលសេវា ឬធ្វើការនៅទីតាំងហាង«The Asia Kitchen» សាខាផ្សារទំនើបអ៊ីអន១ គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅរសៀលម៉ោង២ និង៥០នាទីតទៅ គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ១៩ជាបន្ទាន់ ព្រោះជាទីតាំងដែលបានអាជ្ញាធររកឃើញមានករណីវិជ្ជមានកូវីដ-១៩។
បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ ហាង«The Asia Kitchen» សាខាផ្សារទំនើបអ៊ីអន១ គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅរសៀលម៉ោង២ និង៥០នាទីតទៅ គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ប្រសិនបើមានអាការៈមិនស្រួលខ្លួន។
ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕