ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងតំឡើងម៉ាស៊ីនតេស្តសំណាករកកូវីដ១៩ ចំនួន០៣គ្រឿងបន្ថែមទៀត នឹងគ្រោងដាក់ដំណើរការព្រមៗគ្នាតែម្ដង នៅចុងខែមេសា។ នេះបើយោងតាមប្រសាសន៍ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៤មីនានេះ។
លោកជំទាវ យក់ សម្បត្តិ មានប្រសាសន៍ថា ក្រុមជំនាញនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកដល់នៅថ្ងៃទី២៩មីនាខាងមុខនេះ ដើម្បីមកជួយតំឡើងម៉ាស៊ីនតេស្តរកកូវីដ-១៩ នៅខេត្តព្រះសីហនុ ដែលជាម៉ាស៊ីនតេស្តរកកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយរបស់មិត្តចិន។
បើតាមលោកជំទាវ បានបញ្ជាក់ថា នៅពេលកម្ពុជា មានម៉ាស៊ីនធំសម្រាប់ពិនិត្យសំណាកចំនួនបីបន្ថែមទៀត នោះវានឹងផ្ដល់ភាពងាយស្រួលដល់ការងារពិនិត្យសំណាកដើម្បីរកស្ថានភាពនៃជំងឺកូវីដ១៩បានលឿនជាងមុន និងល្អប្រសើរផងដែរ។ តួយ៉ាងនៅខេត្តព្រះសីហនុ នឹងអាចដាក់ដំណើរការនូវម៉ាស៊ីនតេស្តរកកូវីដខ្នាតធំហើយ នោះសម្រាប់សំណាកដែលមាននៅខេត្តកែប ខេត្តកំពត ក៏អាចផ្ញើរមកខេត្តព្រះសីហនុបានដូចគ្នា ដើម្បីពិនិត្យរកវីរុសកូវីដ១៩ និងជម្រុញឱ្យលទ្ធផលតេស្តសុខភាពរបស់ប្រជាជននៅតំបន់ទាំងនោះ មានភាពលឿន និងឆាប់រហ័ស។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណងនូវបរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង មកដល់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលចូលក្នុងសហគមន៍។ ស្ថានទូតចិនបាន គូសបញ្ជាក់ថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ៕
.jpg?1616584356)