ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ-១៩ស្វ័យប្រវត្តិ ចំនួន០៣បន្ថែមទៀតនៅខែក្រោយ ដើម្បីឆ្លើយតបនឹងការផ្ទុះក្នុង «សហគមន៍២០កុម្ភៈ» ។ នេះបើយោងតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅរសៀលថ្ងៃទី២៣មីនានេះ។
ដូចសព្វមួយដង នៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានសំណូមពរដល់អ្នកពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅកន្លែងដែលពាក់ព័ន្ធ សូមអញ្ជើញទៅតេស្តនៅមន្ទីរពេទ្យខេត្តជិតៗបំផុត ដូចជានៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានាឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ឱ្យបានទាន់ពេលវេលា និងអាចគ្រប់គ្រងបាន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៨៣នាក់ ហើយករណីស្លាប់ ០៥នាក់៕