ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តចូលរួមសកម្មភាពបរិស្ថានមួយឈ្មោះថា «ក្រៀលកម្ពុជា» បង្កើតឡើងក្នុងគោលបំណងដើម្បីបណ្ដុះស្មារតីដល់យុវជនខ្មែរទាំងឡាយ ឱ្យមានចលនាសម្អាតអនាម័យ និងថែរក្សាបរិស្ថានក្នុងតំបន់នានាដែលកំពង់ជួបប្រទះនឹងបញ្ហាសំរាម។ មកដល់ពេលបច្ចុប្បន្ននេះ «យុវជនក្រៀលកម្ពុជា» បានអប់រំពួកគេផ្ទាល់ក៏ដូចជាយុវជនដទៃទៀត កាន់តែមានស្មារតីស្រលាញ់បរិស្ថានក្នុងមជ្ឈដ្ឋានជុំវិញខ្លួន ហើយជាពិសេសបណ្ដុះស្មារតីឱ្យចេះស្វែងរកមធ្យោបាយក្នុងការកាត់បន្ថយប្លាស្ទិកផងដែរ។
ក្នុងឆ្នាំ២០២១ ក្រុមយុវជនក្រៀលកម្ពុជាក៏ដូចជាស្ថាបនិក«ក្រៀលកម្ពុជា»ផ្ទាល់ បានចូលរួមបង្កើតកម្មវិធីប្រចាំឆ្នាំឈ្មោះថា «គម្រោងបរិស្ថានស្អាត» បានជ្រើសរើសយុវជនស្ម័គ្រចិត្ត៥ពាន់នាក់ ទូទាំង៥ រាជធានី/ខេត្ត។ កម្មវិធីនេះនឹងធ្វើពេញមួយឆ្នាំដោយចុះអនុវត្តមួយខែម្ដង នៅរៀងរាល់ថ្ងៃអាទិត្យនៃដើមខែនីមួយៗ ចាប់ពីម៉ោង២:០០រសៀល ដល់ម៉ោង៦:៣០ល្ងាច។ អ្នកចូលរួមសុទ្ធតែជាបុគ្គលមានមនសិកាស្មារតីស្រលាញ់ និងចង់ការពារបរិស្ថានសង្គមជាតិដូចៗគ្នា និងមានកម្មវិធី សកម្មភាពសប្បាយៗជាមួយគ្នាក្នុងនោះផងដែរ។ ចំណែកគោលការណ៍នៃអ្នកចង់ចូលរួមជាសមាជិកនៃក្រៀលកម្ពុជាងាយស្រួលមែនទែន គឺគ្រាន់តែបំពេញទម្រង់បែបបទ ដើម្បីបញ្ជាក់ថាពួកគាត់ចង់ចូលរួម និងប្ដេជ្ញាចិត្តចូលរួមតាមលក្ខខណ្ឌដែលបានផ្ដល់ជូន។
លោក ហួ ឆៃងន់ ជាស្ថាបនិក«យុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា» និង«គម្រោងបរិស្ថានស្អាត» បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «យុវជនក្រៀលកម្ពុជា» ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយមូលហេតុដាក់អត្តសញ្ញាណនៃសកម្មភាពយុវជនទាក់ទងនឹងបរិស្ថានមានឈ្មោះថា «ក្រៀលកម្ពុជា» គឺដោយសារក្រៀលជាសត្វកម្រមួយប្រភេទនៅកម្ពុជាដែលស្ទើរតែជិតផុតពូជហើយ។ វាធ្លាប់មានប្រវត្តិច្រើននៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក ទាក់ទងនឹងអក្សរសាស្រ្តខ្មែរ ប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម ចម្លាក់ ប្រពៃណី ជំនឿសាសនាផ្សេងៗ។ មួយវិញទៀត ប្រភេទសត្វក្រៀលជាសត្វមួយគួរឱ្យស្រលាញ់រាប់អាន ដែលតំណាងឱ្យភាពសុខុដុមរមនា សាមគ្គី ភាពចុះសម្រុងគ្នា សហការគ្នា។ ហេតុនេះ គម្រោងក្រៀលកម្ពុជាចង់មើលឃើញពីស្មារតីសាមគ្គីរបស់ប្រជាជនខ្មែរក៏ដូចជាយុវជនខ្មែរទាំងអស់ ចុះសម្រុងគ្នា សហការគ្នាដើម្បីបរិស្ថានស្អាត។
លោក ឆៃងន់ ជាអតីតនិស្សិតបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៤ ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យវេស្ទើនសាខាកំពង់ចាម រៀបរាប់ពីមូលហេតុដែលខ្លួនមានគំនិតចង់បង្កើតសកម្មភាពនេះឡើង ដោយការប្រមូលផ្ដុំពីយុវជនស្ម័គ្រចិត្តមួយក្រុមស្រលាញ់បរិស្ថាន ដោយសហការជាមួយគ្នាធ្វើសកម្មភាពចុះសម្អាត រើសសំរាមនៅតាមទីកន្លែងនានា គឺដោយសារមើលឃើញពីទិដ្ឋភាពមួយចំនួននៅតែជាបញ្ហារបស់សង្គម ហើយនៅតែបន្តកើតឡើងជាបន្តបន្ទាប់ គឺនៅពេលមានពិធីបុណ្យធំម្ដងៗ ដូចជាថ្ងៃបុណ្យអ៊ុំទូកជាដើម មានសំរាមច្រើនចោលគរលើគ្នា ច្រើនគ្មានសណ្ដាប់ធ្នាប់ នៅតាមបណ្ដាទីសាធារណៈផ្សេងៗ ដូចមាត់ទទ្លេ សួនច្បារ ឬតាមផ្លូវសាធារណៈជាដើម។
ស្ថាបនិកនៃក្រៀលកម្ពុជាវ័យ៣០ឆ្នាំរូបនេះ បន្តទៀតថា ទោះបីជាខ្លួនរៀនផ្នែកសេដ្ឋកិច្ចក៏ពិតមែន សុខចិត្តលះបង់ការងាររបស់ខ្លួនពីមុនៗ បែរមកធ្វើការសង្គមពាក់ព័ន្ធបរិស្ថានវិញ ដោយប្ដេជ្ញាចិត្តធ្វើឱ្យគម្រោងក្រៀលកម្ពុជានេះ អាចឈរជើងបានបន្តរហូតដល់បច្ចុប្បន្នដោយមិនរុញរាឡើយ គឺមកពីកត្តាជម្រុញចំនួនពីរគឺ បញ្ហាសំរាមនៅតែជាបញ្ហាចម្បងរបស់សង្គមដដែល និងបញ្ហាដែលក្រុមយុវជនបរិស្ថានមួយចំនួនធំចាប់ផ្ដើមបេសកកម្មរួចរំសាយទៅវិញឈប់ត្រឹមពាក់កណ្ដាលទី។
ហេតុនេះខ្លួនមិនព្រមបោះបង់ ឬបញ្ឈប់នូវសកម្មភាពរបស់ខ្លួននោះឡើយ តែផ្ទុយទៅវិញ លោក តែងតែគិតថាខ្លួនត្រូវតែអភិវឌ្ឍខ្លួនឱ្យកាន់តែល្អជាងមុនទៅទៀត ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយមើលឃើញថា ក្រៀលកម្ពុជាជាគម្រោងមួយសាងឡើងដោយទឹកចិត្ត មានឧត្តមគតិ ហើយមានទំនួលខុសត្រូវនិង លះបង់ខ្ពស់ ដើរលើវិថីការអប់រំផ្នែកបរិស្ថានបានយូរអង្វែង ហើយមានសុខភាពល្អ។
កាលពីដំបូងក្នុងឆ្នាំ២០១៨ ក្រៀលកម្ពុជាមានសមាសភាពចូលរួម៦០នាក់ ចូលរួមប្រមូលសំរាមតាមកម្មវិធីត្រូវបានប្រព្រឹត្តទៅរៀងរាល់ចុងសប្តាហ៍ និងកំឡុងពេលប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញផ្ទាល់តែម្តង បានសរុបចំនួន៤.៥តោន ហើយឆ្នាំ២០១៩ មានសមាជិកចំនួន១ពាន់នាក់ ដើរប្រមូលសំរាមបានចំនួនសរុប ៨០តោន សរុបរយៈពេលពីរឆ្នាំនោះ បានចំនួនសរុប ៨៤.៥តោន។ មកដល់បច្ចុប្បន្ននេះ ក្រៀលកម្ពុជាមានអាយុកាល៣ឆ្នាំមកហើយ ទទួលបានសមាជិកចូលរួមសកម្មភាពបរិស្ថានចំនួនលើសពី១ពាន់នាក់។ នេះបានបង្ហាញអំពីសន្ទុះនៃការគាំទ្រ និងស្មារតីរបស់កូនខ្មែរក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស បានចាប់ផ្ដើមចេះស្រលាញ់ការពារបរិស្ថានរបស់ខ្លួនកាន់តែប្រសើរឡើងៗហើយ។
កម្មវិធីរបស់«យុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា»កន្លងមកនេះ មានពីរប្រភេទគឺ កម្មវិធីបង្កើតដោយខ្លួនឯងនៅថ្ងៃបុណ្យអ៊ុំទូកក្នុងឆ្នាំ២០១៨ និងកម្មវិធីចូលរួមជាមួយស្ថាប័នពាក់ព័ន្ធដូចជាក្រសួងបរិស្ថានដែលមានតារាចម្រៀង ឡូរ៉ា ម៉ម។ កម្មវិធីរយៈពេល០៣ខែដែលក្រុមអ្នកស្ម័គ្រចិត្តចុះទៅសម្អាតជារៀងរាល់សប្ដាហ៍ មានសិក្ខាសាលាអំពីការអប់រំផ្នែកបរិស្ថាន នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន។ ក្នុងឆ្នាំ២០១៩ មានសិក្ខាសាលាធំៗចំនួន០៤ ដើម្បីអប់រំយុវជនដែលមានអ្នកចូលរួមចំនួន៧០០នាក់ និងបានរៀបចំកម្មវិធីបរិស្ថានជាមួយក្រសួងបរិស្ថាន កំឡុងពេលបុណ្យអុំទូក ដែលមានរួមបញ្ចូលការប្រគុំតន្ត្រីជាមួយឡូរ៉ាម៉ម ដោយក្រុមការងារស្ម័គ្រចិត្ត ចំនួន៣០០នាក់, សកម្មភាពសម្អាតប្រចាំសប្តាហ៍នៅតាមបណ្ដោយមាត់ទន្លេ មុខព្រះបរមរាជវាំងជាដើម, ការចូលរួមសម្អាតបរិស្ថានជាមួយស្ថានទូតជប៉ុន ក៏ដូចជាថ្ងៃទិវាសម្អាតពិភពលោក។
លោក ឆៃងន់ បានបន្តថា វាជារឿងកម្សត់កម្រមួយ ពេលចាប់ផ្ដើមធ្វើសកម្មភាពយុវជនក្រៀលកម្ពុជាដំបូងៗ។ លោក ឆៃងន់ ទទួលស្គាល់ហើយថា ខ្លួននឹងត្រូវជួបបញ្ហាបែបណាខ្លះ ហើយត្រូវតែតស៊ូជំនះឧបសគ្គខ្លាំងបែបណា ព្រោះមានពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក្នុងការរៀបចំគម្រោងកម្មវិធីបរិស្ថានកាលពីពេលនោះ ធ្វើការប្រមូលអ្នកស្ម័គ្រចិត្តចំនួន៦០នាក់ និងស្វែងរកប្រាក់ជំនួយយកមកគាំទ្រការងារ ត្រូវដាក់លិខិតស្នើរសុំទៅដល់អាជ្ញាធរមូលដ្ឋាននៅពេលចុះធ្វើសកម្មភាពសម្អាតទីក្រុង រួមជាមួយនឹងការងាររៀបចំប្រព័ន្ធការងាររបស់របរប្រើប្រាស់ និងខ្លឹមសារអប់រំដើម្បីផ្សព្វផ្សាយដល់សាធារណជនឱ្យបានទូលំទូលាយ និងប្រសិទ្ធភាព។
ក្នុងរយៈពេល៣ឆ្នាំមកនេះ បញ្ហាដែល«ក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា» ធ្លាប់បានជួបប្រទះមានច្រើន។ បញ្ហាទីមួយគឺ ពិបាកក្នុងការស្វែងរករៀបចំក្រុមការងារដែលមានគំនិតបេ្ដជ្ញាចិត្តធ្វើការងារពេញម៉ោង ដាច់យប់ ឬលះបង់ច្រើនដើម្បីបរិស្ថាន។ បញ្ហាទីពីរ គឺផ្នែកហិរញ្ញវត្ថុ ក្រុមការងារពិបាករកប្រាក់គាំទ្រ និងឧបត្ថម្ភដល់ដំណើរការនៃបេសកកម្មបន្តទៀត ក្នុងនោះគម្រោងមានតម្រូវការទ្រទ្រង់ទិញសម្ភារៈសម្អាតផ្សេងៗ ទាំងការធ្វើដំណើរ ឬតម្រូវការដោះស្រាយបញ្ហាផ្សេងៗទៀតរបស់សកម្មភាពយុវជនក្រៀលកម្ពុជាមួយដំណាក់ទៀត។
បច្ចុប្បន្ននេះ ក្រៀលអាចដំណើរការបាន គឺដោយសារប្រាក់ចំណូលតាមអាជីវកម្មផលិតផលបរិស្ថានរបស់ក្រៀលកម្ពុជា ឈ្មោះថា «មូលនិធិក្រៀលកម្ពុជា» ក្នុងការជម្រុញដល់ប្រជាពលរដ្ឋកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ជំនួសមកប្រើផលិតផលរក្សាបរិស្ថានធ្វើមកឬស្សីដូចជា ដបទឹកបំពង់ឬស្សី កែវទឹកធ្វើពីឬស្សី បំពង់ទុយោឬស្សី សៀវភៅសរសេរធ្វើពីឬស្សី ប៊ិចឬស្សីជាដើម ដែលជាស្នាដៃភាពច្នៃប្រឌិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយមួយ រួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជំនួសឱ្យប្លាស្ទិកផងដែរ។
លោក ឆៃងន់ បានបញ្ជាក់ថា តាមពិតទៅ មនុស្សដែលចោលសំរាមត្រឹមត្រូវ និងចោលសំរាមគ្មានសណ្ដាប់ធ្នាប់ មានលក្ខណៈស្រដៀងគ្នាបន្តិចគឺថា ពួកគាត់នៅតែបង្កើតសំរាមនៅលើផែនដីដដែល។ ផ្ទុយទៅវិញ បើសិនមនុស្សនៅលើផែនដីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយប្រើប្រាស់សម្ភារៈបរិស្ថានផ្សេងៗជំនួសឱ្យប្លាស្ទិកបានវិញ វាជារឿងដ៏ល្អប្រសើរ ព្រោះមនុស្សនឹងមិនបានបង្កើនប្លាស្ទិកបន្ថែមនោះទេ។
ក្នុងនាមជាអ្នកដឹកនាំនៃសកម្មភាព«យុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា» លោក ហួ ឆៃងន់ ជឿជាក់ថា សកម្មភាពដែលខ្លួនក៏ដូចជាក្រុមការងារ យុវជនស្ម័គ្រទាំងប៉ុន្មាន នឹងបានចូលរួមចំណែកក្នុងការដាស់ស្មារតីក្នុងការកែប្រែឥរិយាបថ ផ្នត់គំនិតប្រជាជនបានមួយកម្រិតបន្ថែមទៀត ព្រោះសកម្មភាពនៃការសម្អាតនេះ បានបញ្ចូលនូវការអប់រំអំពីចំណេះដឹងបរិស្ថានតាមរូបភាពផ្សេងៗ ណែនាំដល់សាធារណជន ទាំងសិស្ស និស្សិត អ្នកធ្វើការ អាណាព្យាបាល ឬកុមារផងដែរ តាមរយៈកម្មវិធីផ្សេងៗ និងវីដេអូក្នុងប្រព័ន្ធបណ្ដេញសង្គមជាដើម ដើម្បីអាចធ្វើការកែប្រែផ្នត់គំនិត និងឥរិយាបថរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងចាស់ទាំងក្មេងគ្រប់ស្រទាប់ថ្នាក់បានមួយកម្រិតផងដែរ ក្នុងការចៀសវាងចោលសំរាមគ្មានសណ្ដាប់ធ្នាប់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមពីលើនោះទៀត៕