ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដាក់លិខិតមួយច្បាប់ស្នើព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពាក់ព័ន្ធការប្រើប្រាស់ពាក្យសម្តីប្រមាថដល់ព្រះសង្ឃ។នេះបើយោងតាមលិខិត ដែលចេញផ្សាយផ្លូវការនៅថ្ងៃទី ២២ ខែមីនានេះ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ឈិត សុខុន បានគូសបញ្ជាក់ថា លោកផែង វណ្ណៈ បានបង្ហោះវីដេអូជេរប្រមាថមកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញុងឱ្យមានការរើសអើងចំពោះសង្ឃ ព្រះពុទ្ធសាសនាដែលជាសាសនរបស់រដ្ឋ។មិនតែប៉ុណ្ណោះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួស។
