
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី ២០ មីនា បានចេញសារដ៏វែងអន្លាយមួយថ្លែងអរគុណដល់ក្រុមគ្រូពេទ្យ និង អាជ្ញាធរនៅក្នុងខេត្តប៉ៃលិនទាំងមូលដែលបានរួមសុខរួមទុក្ខជាមួយគ្នាអស់រយៈពេល ជាង៣ខែមកហើយ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគ កូវីដ-១៩ដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព ជាថ្លុងមួយដើម្បីប្រយុទ្ធទប់ស្កាត់ មិនថាយប់ ឬ ថ្ងៃសៅរ៍ អាទិត្យ។
អភិបាលខេត្តស្រីថ្មីថ្មោងរូបនេះ បានគូសបញ្ជាក់ថា ការរាលដាលទៅដល់សហគមន៍បានចំនួន ១៨ នាក់ ហើយក្រុមទ័ពអាវស អ្នកប្រយុទ្ធជួរមុខ ដោយចេញពីឆន្ទះពិតប្រាកដបានខិតខំព្យាបាលដល់ពលករជាសះស្បើយទាំងអស់ហើយ ហើយនេះជាមោទន:ភាពបំផុតសំរាប់ក្រុមការងារ ដើម្បីសេចក្តីសុខដើម្បីសង្គមជាតិដោយស្នាមញញឹម មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកជំទាវ បាន ស្រីមុំ បានថ្លែងថា "យើងតែងតែចូលរួមទាំងអស់គ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ជាពិសេសនាងខ្ញុំសូមធ្វើការកោតសសើដោយស្មោះចំពោះ បងប្អូន កងទ័ពអាវសពិតបងប្អូនមានភាពថ្លៃថ្នូរ ផ្តល់ទំនុកចិត្តភាពកក់ក្តៅប្រកបដោយវីជ្ជាជីវៈជាមួយបងប្អូនកូនក្មួយពលករទាំងអស់"។
បើតាមលោកជំទាវ ទ័ពអាវស នៅតែផ្ទះវាខុសគ្នា និង ទ័ពអាវស ជាអ្នកប្រយុទ្ធជួរមុខ ទ័ពអាវសនៅតែផ្ទះរង់ចាំឱកាសយកចំណេញបានក៍ឆ្លៀតព្រោះមានបំណង ប្រាថ្នាផ្សេងៗ...អាងតែពេលនេះមហាជនដឹងតែ ទ័ពអាវស សុទ្អតែទ័ពប្រយុទ្ធទាំងអស់តែបើកងទ័ពអាវសជួរមុខអ្នកចូលរួមប្រយុទ្ធពិតប្រាកដ បងប្អូនមិនគិតការនឿយហត់កេងចំណេញទាញយកប្រយោជន៍ពីគ្រប់រូបភាពអ្វីឡើយ គិតតែប្រយុទ្ធដោយស្នាមញញឹម។
គួរបញ្ជាក់ថា សាររបស់លោកជំទាវ បាន ស្រីមុំពេលនេះ គឺធ្វើឡើងស្របពេលមានមតិសាធារណៈមួយចំនួនបន្ទាប់ពីរដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃសុក្រទី១៩មីនា បានសម្រេចបណ្តេញមន្រ្តីសុខាភិបាលជាន់ខ្ពស់ម្នាក់ចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ក្រោយមន្ត្រីសុខាភិបាលរូបនោះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អធិប្បាយពីបញ្ហាពេទ្យនៃខេត្តប៉ៃលិន ប្រឈមនឹងការប្រមាថពីអ្នកធ្វើចត្តាឡីស័កតាមមន្ទីរពេទ្យ។
រដ្ឋបាលខេត្តប៉ៃលិន ពន្យល់ថា ការបញ្ចប់ភារកិច្ចដោយមន្ត្រីរូបនេះ នៅតែបន្តការអុកឡុក ញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល ខណៈបច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាលជួរមុខ គ្រប់រូបកំពុងមមាញឹករួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូរីដ- ១៩៕