ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅយប់ម៉ោងជាង៧ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានផ្សាយឱ្យសាធារណជនដឹងថា គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ពីម៉ោង៨ និង៣១នាទីយប់ ដល់ម៉ោង ៩និង២២នាទីយប់ មានករណីវិជ្ជមាននឹងមេរោគកូវីដ-១៩ នៅទីតាំងហាងអាហារ «អូស៊ីនស៊ុគីស៊ុប» ស្ថិតនៅផ្ទះលេខ៦១ ផ្លូវ១៧ បុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ហេតុនេះនៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់អំពីករណីវិជ្ជមានខាងលើនេះ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានសំណូមពរដល់អ្នកពាក់ព័ន្ធនឹងករណីវិជ្ជមានខាងលើ ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅទទួលទានអាហារនៅហាង អូស៊ីនស៊ុគីស៊ុប ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ពីម៉ោង៨ និង៣១នាទីយប់ ដល់ម៉ោង ៩និង២២នាទីយប់ សូមអញ្ជើញទៅតេស្តនៅមន្ទីរពេទ្យខេត្តជិតៗបំផុត ដូចជានៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានាឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ៕
