
ខេត្តប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែមីនានេះបានចេញសេចក្តីបំភ្លឺពីមូលហេតុនៃការបញ្ចប់តំណែងពីអតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបន្ទាប់ពីមានការបំប៉ោងព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាញសង្គម។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាស ក្នុងការស្នើសុំបញ្ចប់ភារកិច្ចលោក ខឹម មុនីកុសល ជាអតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែកក្នុងឆ្នាំ២០១៨ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញថាលោកពិតជាមានកំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន និងបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តមកជាមន្ត្រីតាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។
សេចក្តីប្រកាសបន្តថា ការបញ្ចប់ភារកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុក ញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល ។ បច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាលជួរមុខ គ្រប់រូបកំពុងមមាញឹករួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូរីដ- ១៩។
គួរបញ្ជាក់ថា មន្ត្រីរូបនេះមានគោលបំណងបង្កភាពវឹកវរកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០១ គាត់បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់ក៏ឆ្លៀតឱកាសថតបង្ហោះក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័តមានក្លែងក្លាយធ្វើឱ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់ដល់កិត្តិយរសមន្ត្រីរដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មមិនគិតពីការនឿយហត់។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្តក៏សម្រេចត្រូវតែអនុវត្តទណ្ឌកម្មថ្នាក់ទី២ តាមមាត្រា៦៣ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិក:ដោយឡែកសម្រាប់បុគ្គលិកថ្នាក់ក្រោមជាតិ៕