Yearendyearend1140x150

ឪពុកម្តាយមួយចំនួនព្រួយបារម្ភពីគុណភាពសិក្សាតាមប្រព័ន្ធអនឡាញរបស់កូន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការសិក្សានៅក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានអប់រំសិក្សាបានប្តូរមកបង្រៀនតាមរយៈប្រព័ន្ធអនឡាញ។ ក្នុងអំឡុងពេលនៃការសិក្សាតាមអនឡាញនេះ មានអាណាព្យាបាល និងឪពុកម្តាយមួយចំនួនព្រួយបារម្ភពីគុណភាពសិក្សាតាមអនឡាញរបស់កូន ខណៈពួកគាត់បានលើកឡើងថាលទ្ធផលនៃការសិក្សារបស់កូនតាមអនឡាញបានធ្លាក់ចុះ បើប្រៀបធៀបនឹងការសិក្សានៅក្នុងថ្នាក់រៀន។

លោក គឹម សុវណ្ណារ៉ា យល់ឃើញថា តាំងពីការសិក្សាប្តូរមកអនឡាញមក លោកសង្គេតឃើញថាការសិក្សារបស់កូនមានការធ្លាក់ចុះ ពោលការសិក្សាតាមរយៈអនឡាញកូនរបស់លោកជួបការលំបាក ការសិក្សាមិនបានពេញលេញ ជួនកាលជួបនូវបញ្ហាអ៊ីនធឺរណេតមានការរអាក់រអួល ជាពិសេសលោកសង្គេតឃើញថាកូនរបស់លោកហាក់ដូចជាមិនយកចិត្តទុកក្នុងការស្តាប់គ្រូបង្រៀនទេ។ ទន្ទឹមនឹងនេះ លោក សុវណ្ណារ៉ា បានលើកឡើងថា ការសិក្សាតាមរយៈប្រព័ន្ធអនឡាញរបស់កូនគឺពិតជាជួបនូវការលំបាក។ ដូច្នេះទាមទារឲ្យលោកដែលជាអាណាព្យាបាលនៃសិស្សត្រូវតែជួយជម្រុញ និងដាស់តឿនដល់កូនៗឲ្យខិតខំប្រឹងប្រែងរៀន ព្រមទាំងឆ្លៀតពេលដើម្បីជួយបង្រៀនកូនបន្ថែមទៀត។

អ្នកស្រី ជា សាវឌី បានលើកឡើងថា លទ្ធផលនៃការសិក្សារបស់កូនរបស់លោកស្រី ចាប់តាំងពីមានការផ្ទុះកូវីដ១៩ ហើយសាលារៀនបានតម្រូវឲ្យសិស្សទាំងអស់ប្តូរមករៀនតាមអនឡាញ លោកស្រីសង្គេតឃើញថា កូនហាក់ដូចជារៀនមិនសូវចាប់បាននូវអ្វីដែលគ្រូបានបង្រៀននៅតាមវីដេអូ។ អ្នកស្រី សាវឌី បានបន្តថា លទ្ធផលនៃការសិក្សារបស់កូនលោកស្រី មានការធ្លាក់ចុះជាងមុន បើប្រៀបធៀបទៅនឹងលទ្ធផលសិក្សានៅក្នុងថ្នាក់ កាលមិនទាន់មានការផ្ទុះឡើងនូវកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ដោយសារលោកស្រីរវល់នឹងមុខរបរអាជីវកម្មរបស់ខ្លួនប្រចាំថ្ងៃ លោកស្រីបានឆ្លៀតពេលបានបន្តិចបន្តួចក្នុងការជួយបង្រៀនកូនបន្ថែម និងជួយកូនក្នុងការប្រើប្រាស់អ៊ឺនធឺរណេត ព្រោះកូននៅតូចទើបតែរៀនថ្នាក់ទី២ មិនទាន់ចេះប្រើទូរសព្ទនៅឡើយ។

ចំណែកអ្នកស្រី ហ៊ាង លក្ខិណា យល់ឃើញថា តាំងពីការសិក្សាប្តូរមកប្រព័ន្ធអនឡាញ អ្នកស្រីមានការព្រួយបារម្ភចំពោះការសិក្សារបស់កូន ព្រោះតាមរយៈការសិក្សាតាមអនឡាញកន្លងមក លោកស្រីសង្គេតឃើញថា គុណភាពសិក្សារបស់កូនលោកស្រីមានការថយចុះជាងមុន។ លោកស្រីបន្តថា ការសិក្សាតាមអនឡាញមិនដូចជាការសិក្សានៅក្នុងថ្នាក់រៀនទេ។ កូនៗខ្លះមិនទាន់ចេះប្រើប្រាស់ទូរសព្ទនៅឡើយ ដូច្នេះឪពុកម្តាយត្រូវតែជួយកូន ជួបបង្ហាត់បង្រៀនកូននៅផ្ទះបន្ថែម និងជាពិសេសត្រូវតែជម្រុញកូនឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រដោយខ្លួនឯងបន្ថែមទៀត។ កាលណាអាណាព្យាបាល ឬឪពុកម្តាយមិនឆ្លៀតពេលក្នុងការជួយបង្រៀនកូនបន្ថែមនោះទេ ការសិក្សារបស់កូននឹងរឹតតែធ្លាក់ចុះខ្លាំង ព្រោះការសិក្សាតាមប្រព័ន្ធអនឡាញនេះនឹងនៅតែបន្តរហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

គួរបញ្ជាក់ថា លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសហគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហាក់ដូចជាធ្ងន់ធ្ងរជាងមុន ហើយព្រឹត្តិការណ៍នេះបើគិតពីបរិមាណឆ្លងកាន់តែកើនឡើងច្រើនទៅៗ។ បញ្ហាទាំងនេះដែលជាកត្តានៃប៉ះពាល់ដល់គុណភាពសិក្សាបន្ថែមទៀត ព្រោះទាំងគ្រូនិងសិស្សមានអារម្មណ៍ភិតភ័យ ដូច្នេះការបិទសាលាប្តូរមករៀនអនឡាញលើកនេះមានការថយចុះនូវគុណភាពសិក្សារបស់សិស្ស។

ជាមួយគ្នានេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គុណភាពអប់រំជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កតា្តសង្គមសំដៅដល់សង្គមសាលារៀន សង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។ ដូចនេះ គុណភាពអប់រំ អាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម រស់ សុវាចា បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយ:គ្រប់រូបភាព អមដោយកិច្ចសហការវិជ្ជមានជាមួយគ្រប់ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងគ្រប់តួអង្គពាក់ព័ន្ធ។ ដោយឡែក សង្គមគ្រួសារមានតួនាទីសំខាន់មួយក្នុងការជួយពង្រឹងការរៀនសូត្រ មុននិងក្នុងបរិការណ៍កូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង