
តាកែវ៖ អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី ១៧ មីនា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩លើបុរសម្នាក់ធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមមួយ និងបានមកស្នាក់នៅ ភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ ខែមីនា។ការរកឃើញនេះ បានធ្វើឱ្យខេត្តតាកែវមានអ្នកឆ្លងកូវីដ-១៩ជាលើកដំបូងចាប់តាំងពីកម្ពុជាផ្ទុះកូវីដ-១៩មក។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ បុរសដែលវិជ្ជមានកូវីដ-១៩ ឈ្មោះសន អ៊ុយ អាយុ៣២ឆ្នាំ ធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមមួយនៅភ្នំពេញ។លោកបានមកខេត្តតាកែវនៅថ្ងៃទី១៣ មិនា ហើយសមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកំដៅឡើងខ្ពស់ រដ្ឋបាលស្រុក និងមន្ទីពេទ្យបង្អែកបាទីបានដឹកយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ ។មកដល់រាត្រីថ្ងៃទី១៦ មិនានេះ លទ្ធផលសំណាកបុរសម្នាក់នេះមានរោគសញ្ញាវិជ្ជមានកូវិត១៩ ។បច្ចុប្បន្នបុរសម្នាក់នេះ កំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯភរិយានិងកូនកំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាមួយកន្លែងក្នុងខេត្តតាកែវ។
ជាការកត់សម្គាល់ ការរកឃើញវិជ្ជមានកូវីដ-១៩លើបុរសម្នាក់នេះ បានធ្វើឱ្យខេត្តតាកែវមានអ្នកឆ្លងកូវីដ-១៩ជាលើកដំបូងតាំងពីកម្ពុជាផ្ទុះកូវីដ-១៩។តែបុរសម្នាក់នេះ មិនជាប់ពាក់ព័ន្ធជាមួយលោក កក្កដា សោភ័ណ្ឌទេ។
ចំពោះករណីលោក កក្កដា សោភ័ណ្ឌ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានអះអាងថា បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តបានជាង ១០០សំណាកជាលទ្ធផលអវិជ្ជមានទាំងអស់ ហើយសំណាកលើកទី២ចំនួន៧៣ទៀតមិនទាន់ដឹងលទ្ធផលនៅឡើយទេ ខណៈដែលអ្នកពាក់ព័ន្ធរក្សាដដែលចំនួនជាង ៣៥០នាក់៕

