ភ្នំពេញ៖ សម្តេច ហ៊ុន សែន ឱ្យបណ្តារាជធានីខេត្តពិនិត្យលើការផ្អាកការរៀបមង្គលការ និងការជួបជុំនានា បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងពីព្រឹត្តិការណ៍២០កុម្ភៈចូលទៅក្នុងខេត្តតាកែវនាពេលថ្មីៗនេះ។នេះបើយោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយតាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី ១៥ មីនានេះ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សូមឱ្យអភិបាលនៃរាជធានី-ខេត្តនីមួយៗធ្វើការពិចារណាចំពោះការបិទឬផ្អាកមិនឱ្យមានការប្រារព្ធពិធីនានាដូចជាពិធីមង្គលការ ជប់លៀង ឬការជួបជុំគ្នានានា ដើម្បីការពារកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែច្រើនឡើង។
សម្តេចបន្តថា នៅក្នុងកាលៈទេសៈនេះគឺត្រូវមានការពិនិត្យឱ្យបានហ្មត់ចត់ ហើយអាចដាក់ចេញនូវវិធានការយ៉ាងណាដើម្បីឱ្យប្រជាពលេដ្ឋមានការយោគយល់កាន់តែខ្ពស់ពីការផ្អាកការប្រារព្ធពិធីនានា និងរួបរួមគ្នាគោរពតាមវិធានការរបស់្រសួងសុខាភិបាលដើម្បីទប់ស្កាត់នូវការរីករាលដាលនៃកូវីដ១៩។
គួរបញ្ជាក់ថា ការណែនាំរបស់សម្តេចយ៉ាងដូច្នេះ គឺបន្ទាប់ពីការរីករាលដាលនៃការឆ្លងពីព្រឹត្តិការណ៍២០កុម្ភៈចូលទៅក្នុងខេត្តតាកែវនាពេលថ្មីៗដោយសារការរៀបចំមង្គលការ។មន្ទីរសុខាភិបាលខេត្តតាកែវ បានរកឃើញអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ប្រហែលជា៣០នាក់ និងដោយប្រយោលជាមួយលោក កក្កដា សោភណ្ឌ័ ដែលផ្ទុកកូវីដ-១៩ប្រហែលជា៤០០នាក់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោលទាំងអស់នោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាក និងដាក់ឲ្យនៅដោយឡែក។