ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីស្ថានភាពកូវីដនៅក្នុងប្រទេសគឺអ្នកឆ្លងកូវីដ១៩ ចំនួន៨៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ ក្នុងនោះមាន ៧២នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និង១១នាក់ផ្សេងទៀត ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនពលករខ្មែរមកពីថៃ)។ បច្ចុប្បន្នអ្នកជាសះស្បើយខាងលើ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពីទទួលបានការព្យាបាលជាសះស្បើយ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២០នាក់បន្ថែមទៀត ក្នុងនោះ១៨នាក់ដែលជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៩២នាក់៕







