
(រូបភាពដោយ៖ លោកបណ្ឌិត សុខ ទូច)


ព្រះវិហារ៖ កូនឈើចំនួនប្រមាណ៥ម៉ឺនដើមនៅលើដីជាង ១០០ហិកតានៅតំបន់ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដុះកម្ពស់លេចក្បាលទៅហើយ ត្រូវបានដុតស្ទើរតែទាំងស្រុង ដោយជនខិលខូច។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយនៅក្នុងវីដេអូឡាយតាមប្រព័ន្ធហ្វេសប៊ុកថា កូនឈើប្រណិតៗទាំងអស់នោះ ជាការខិតខំប្រឹងប្រែងដាំឡើងវិញក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន រដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដាំ ដើម្បីផ្ដល់ជាធនធានធម្មជាតិទុកដល់ក្មេងជំនាន់ក្រោយ អាចថែរក្សាបន្តទៀតទៅថ្ងៃខាងមុខ។ ហើយថ្ងៃនេះ ត្រូវបានជនអគតិ បានធ្វើការដុតបំផ្លាញ ដែលកូនឈើទាំង៥ម៉ឺននោះ ភាគច្រើនជាប្រភេទឈើបេង ឈើធ្នង់ មានចំនួនជាង៥ម៉ឺនដើម។
បើតាមលោកបណ្ឌិត សុខ ទូច ការដុតបំផ្លាញនេះមិនមែនជាការដុតដើម្បីដេញសត្វព្រៃនោះទេ គឺមានបំណងតែម្ដងដែលបានដុត០៣កន្លែងនៃផ្ទៃដី១០០ហិកតា ហើយចាប់ផ្ដើមឆេះពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង៤រសៀលនៅថ្ងៃទី១៤ មីនានេះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ រៀបរាប់ពីអារម្មណ៍សោកស្ដាយខ្លាំងជាពន់ពេក បន្ទាប់ពីបានឃើញសភាពកូនឈើប្រណិតឈើដែលខំដាំទាំងនោះ ត្រូវបានឆេះអស់ស្ទើរទាំងស្រុងក្នុងរយៈមួយពព្រិចភ្នែក ដោយសារជនអគតិ ភាពឈ្លានីស និងដោយសារកម្លាំងជំនួយក្នុងការពន្លត់មានចំនួនតិចពេក មិនអាចជួយពន្លត់ទាន់បានទាន់ពេលវេលា។
សូមបញ្ជាក់ថា ព្រៃអភិរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុបទាំងអស់ជាង១ម៉ឺនហិកតា (១៤៣៣៤ហិកតា) ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជបណ្ឌិត្យសភាកម្ពុជា។ទីតាំងដែលឆេះនោះ គឺជាទីតាំងដែលសម្តេចតេជោលោកអញ្ជើញទៅដាំជានិម្មិត្តរូប៕













