ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់ អាយុ ៦៩ឆ្នាំ មានអាសយដ្ឋាននៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរក៌ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard)។ នេះយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅរសៀលថ្ងៃអាទិត្យទី១៤មីនានេះ។
តាមការពន្យល់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសខាងលើដែលបានទទួលមរណភាព នៅម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃនេះ បន្ទាប់ពីបានចូលរួមនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ មីនា ម្សិលមិញ។ ក្នុងសេចក្ដីប្រកាសនោះ បានកត់សម្គាល់ថា «ពេលចូលមកដល់មន្ទីរពេទ្យខេត្ត ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ មិនក្តៅខ្លួន តែក្រុមគ្រូពេទ្យសម្គាល់ថា សម្ពាធឈាមរបស់បុរសខាងលើដែលអ្នកជំងឺឡើងខ្ពស់ខុសធម្មតា»។
គួររំលឹកថា តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបញ្ជាក់ថា បុរសដែលបានស្លាប់បាត់បង់ជីវិត បណ្ដាលមកពី មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ៕
