.jpg?1615452011)
ភ្នំពេញ៖ មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី១១ ខែមីនានេះ បានឲ្យដឹងថា រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសនឹងមកដល់កម្ពុជាដើមខែមេសា។ រដ្ឋាភិបាលចិននឹងប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនវ៉ាក់សាំងមកប្រទេសកម្ពុជា។
មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការដឹកជញ្ជូនវ៉ាក់សាំងនឹង មកដល់កម្ពុជានៅដើមខែមេសា។ ក្រុមការងារកំពុងតែពន្លឿនការងារនេះ។ រដ្ឋាភិបាលចិននឹងប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនមកប្រទេសកម្ពុជានាពេលឆាប់ៗនេះ។
ស្ថានទូតចិនបានអះអាង «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។
សូមបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណូហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសនៃចំនួនវ៉ាក់សាំងសរុប១លានដូស ដែលជាជំនួយរបស់ចិនផ្តល់ឲ្យកម្ពុជា បានមកដល់កម្ពុជាកាលពីថ្ងៃទី ៧កុម្ភៈ ឆ្នាំ២០២១។
នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនបានសម្រុកទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលទូទាំងប្រទេស៖អ្នកចាក់លើកទី១ សរុបចំនួន៖ ១០៩,៨៥៤នាក់,អ្នកចាក់លើកទី២ សរុបចំនួន៖ ៤,៣៥៧នាក់។
នៅមន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យដ៏សំខាន់មួយសម្រាប់ចាក់វ៉ាក់សាំងបង្ការកូវីដ។ប៉ុន្តែដំណើរការចាក់សាំងកាពារជំងឺកូវីដ-១៩ ជូនពលរដ្ឋចាប់ពីវ័យ១៨ដល់៥៩ឆ្នាំ ចំពោះដូសទី១ នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពីអស់វ៉ាក់សាំងស៊ីណូហ្វា (Sinopharm)។ចំពោះដំណើការចាក់ឡើងវិញនៅមិនទាន់ដឹងនៅឡើយទេដោយរង់ចាំវ៉ាក់សាំងដឹងពីប្រទេសចិនបន្តទៀត៕