Yearendyearend1140x150
Img 0571

ចិនស្នើឲ្យកម្ពុជាពិនិត្យចំណុចខ្វះខាតមួយចំនួនមុននាំចេញផ្លែស្វាយទៅទីផ្សារចិន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តំណាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ស្នើឲ្យក្រុមការងារអគ្គនាយកដ្ឋានកសិកម្មកម្ពុជាពិនិត្យចំណុចខ្វះចន្លោះមួយចំនួនដែលតម្រូវឱ្យកែលម្អបន្ថែម មុនការអនុញ្ញាតឲ្យនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ សំណើរនេះធ្វើឡើងក្នុងកិច្ចពិភាក្សារួមគ្នាមួយរវាងក្រុមការងារអគ្គនាយកកសិកម្ម និងភាគីមន្រ្តីអគ្គរដ្ឋបាលគយចិននៅទីក្រុងណាននីង ខេត្តក្វា តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ក្នុងកិច្ចពិភាក្សានោះមន្រ្តីអគ្គរដ្ឋបាលគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ពិនិត្យឃើញនូវចំណុចខ្វះចន្លោះមួយចំនួនដែលតម្រូវឱ្យកែលម្អបន្ថែម ដូចជា ទី១. កែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជា ការធ្វើខ័ណ្ឌចែកបន្ទប់វេចខ្ចប់ និងឃ្លាំងត្រជាក់ ហើយនិងត្រូវបន្ថែមឧបករណ៍មួយចំនួនទៀតនៅរោងចក្រប្រព្រឹត្តកម្ម ដើម្បីបង្កើន ការគ្រប់គ្រងអនាម័យ និងហានិភ័យបង្ករដោយសមាសភាពចង្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ទី២. ត្រូវពង្រឹងវិធានការនានានៅក្នុងចម្ការ និងរោងចក្រដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរ។ ទី៣. ពង្រឹងការយល់ដឹងបន្ថែមទៀតជូនទៅដល់អ្នកដាំស្វាយ និងម្ចាស់រោងចក្រប្រព្រឹត្តកម្មអំពីវិធានការ អនាម័យ និងភូតគាមអនាម័យឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន។

តាមរយៈការបូកសរុបនូវលទ្ធផលនៃកិច្ចដំណើរការវាយតម្លៃថា ក្រុមការងារភាគីចិនសន្យានឹងផ្តល់លទ្ធផលតាមរយៈរបាយការណ៍វាយតម្លៃក្នុង រយៈពេល១សប្ដាហ៍បន្ទាប់ពីកិច្ចប្រជុំនេះ។ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម នឹងខិតខំជំរុញ ឲ្យក្រុមហ៊ុន ធ្វើការកែលម្អនូវចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីឈានទៅសម្រេចឲ្យខានតែបានក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា មូលហេតុចម្បងនៃការអូសបន្លាយពេលវេលា នៃការធ្វើសេចក្តីសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យកម្ពុជានាំផ្លែស្វាយស្រស់ចេញពីកម្ពុជានោះ គឺទី១. ការយល់ដឹងរបស់កម្ពុជាទាក់ទងទៅនឹងការគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យ (ទាំងការនាំចូលនិងនាំចេញផលិតផលកសិកម្ម និងទាំងការដាំដុះដំណាំ) នៅមានកម្រិត ដោយព្រះរាជាណាចក្រកម្ពុជាយើងពុំទាន់មានច្បាប់ស្តីពី អនាម័យនិងភូតគាមអនាម័យ នៅឡើយដែរ ។

ទី២. ផ្លែស្វាយជាប្រភេទផ្លែឈើមួយដែលមានសក្តានុពល ផ្ទុកពងរុយ ដែលនឹងអាចចាប់ផ្តើមញស់ជាដង្កូវ ហើយក្លាយជាសត្វរុយ អាចទៅបំផ្លាញដំណាំនានានៅក្នុងប្រទេសនាំចូល ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងតំបន់ មានស្ថានភាពនៃអាកាសធាតុ និងបរិស្ថាន ប្រហាក់ប្រហែលគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង