កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់រដ្ឋបាលស្រុកកោះធំ ឲ្យធ្វើការបិទជាបណ្តោះអាសន្នកាស៊ីណូចំនួន៦កន្លែង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
កាស៊ីណូទាំង៦កន្លែងនោះមានជាអាទិ៍៖ សណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូប៊ីន កាស៊ីណូក្រោន កាស៊ីណូហ្គន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន និង ហាមមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំឡើយ។
រដ្ឋបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាក ឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ។ ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕
