ខេត្តកណ្តាល៖ គិតមកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរនៅក្នុងខេត្តកណ្តាល បានរកឃើញថាមានកម្មកររោងចក្រប្រហែលជា១០០០នាក់ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ខណៈកម្មករនិងរោងចក្រនៅក្នុងខេត្តកណ្តាលនៅតែបន្តដំណើរការធម្មតា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អាជ្ញាធរខេត្តកណ្តាល បានរកឃើញកម្មកររោងចក្រសរុបប្រហែលជា១០០០នាក់ដែលរស់នៅក្នុងខេត្តកណ្តាលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ មូលហេតុនៃការជាប់ពាក់ព័ន្ធនេះ គឺកើតមានករណីនៅខាងរោងចក្រ Y&W ដែលជាប់ព្រំប្រទល់ខេត្តកណ្តាល។ ដូច្នេះកម្មករដែលមកធ្វើការនៅរោងចក្រ Y&Wមួយចំណែកធំ គឺមានកម្មករធ្វើការនៅក្នុងរោងចក្រដូចជានៅស្រុកអង្គស្នូល ស្រុកកៀនស្វាយ ក្រុងតាខ្មៅ និងនៅស្រុកផ្សេងៗ។
បើតាមឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា កម្មករចំនួន១០០០នាក់ដែលធ្វើការនៅរោងចក្រ Y&W របស់ក្រុមហ៊ុនជនជាតិចិនដែលមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានអាជ្ញារធរចុះពិនិត្យ និងយកសំណាកទៅធ្វើតេស្តរកកូវីដ១៩។ ជាលទ្ធផលក្នុងការធ្វើតេស្តដំណាក់កាលទី១ ទាំងកម្មករ និងជនជាតិចិន មិនទាន់រកឃើញថាមានវិជ្ជមានកូវីដ១៩ទេ ខណៈអាជ្ញាធរកំពុងរង់ចាំការយកសំណាកលើកទី២នៅថ្ងៃនេះ ជាលើកចុងក្រោយ។
អភិបាលខេត្តរូបនេះ បានបន្តថា ក្រុមហ៊ុនរោងចក្រនៅក្នុងខេត្តកណ្តាលមិនមានការជាប់ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទេ ហើយរោងចក្រនៅតែមានដំណើរការធម្មតា ប៉ុន្តែខាងកម្មករនយោជិកនៅតែបន្តអនុវត្តនូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ៣កុំនិង៣ការពារ។ ដោយឡែកកម្មករចំនួន១០០០នាក់ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តការងាររបស់ខ្លួនជាធម្មតា ខណៈការពិនិត្យសំណាកធម្មតា និងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន។
តែយ៉ាងណាក៏ដោយឯកឧត្តម គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ ខាងកម្មករនៅក្នុងខេត្តកណ្តាលមិនទាន់មានករណីតេស្តវិជ្ជមានកូវីដ១៩។ ជាក់ស្តែងក្រុមកម្មករ និងជនជាតិចិននៅតែបន្តនៅការប្រុងប្រយ័ត្នការរក្សាគម្លាត ការពាក់ម៉ាស ការលាងសម្អាតដៃនឹងសាប៊ូឬអាកុលជាប្រចាំ៕