Yearendyearend1140x150

«ព្រឹត្តិការណ៍២០កុម្ភៈ»អាចទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាមកក្រោម៤ភាគរយ?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចបានព្យាករណ៍ថា មុនព្រឹត្តិការណ៍២០កុម្ភៈបានផ្ទុះឡើង សេដ្ឋកិច្ចកម្ពុជាអាចមានការកើនឡើងប្រមាណប្រហែលជា៤%ធៀបទៅនឹងឆ្នាំ២០២០ ប៉ុន្តែក្រោយពីផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈមក សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះមកនៅត្រឹម៣.៨% ឬ៣.៥%។

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថាចាប់តាំងពីមានការផ្ទុះឡើងនៃការឆ្លងចូលដល់សហគមន៍២០កុម្ភៈនេះមក សកម្មភាពសេដ្ឋកិច្ចអាចនឹងមានការថមថយដោយសារតែកត្តាពីរយ៉ាង។ទី១ ដោយសារតែករណីឆ្លងមានក្នុងចំនួនច្រើន បើសិនជាករណីឆ្លងរីករាលដាលនៅបន្តរីករាលដាលកាន់តែយូរទៀត សកម្មភាពសេដ្ឋកិច្ច សកម្មភាពសង្គមអាចនឹងប៉ះពាល់ច្រើន ហើយទី២ដោយសារតែកត្តានៃការឆ្លងនេះ គឺមាននៅច្រើនកន្លែងរហូតដល់ជិត៥០កន្លែង។សកម្មភាពទាំងនេះអាចប៉ះពាល់ប្រសិនបើការឆ្លងនេះនៅតែបន្តការអូសបន្លាយក្នុងរយៈពេលយូរ និងចំនួនអ្នកឆ្លងមិនមានការធ្លាក់ចុះ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបន្តទៀតថា ដោយសារសម្មភាពការទប់ស្កាត់របស់រដ្ឋាភិបាលផង និងការភ័យខ្លាចរបស់ប្រជាជនផង បានធ្វើឱ្យចរាចរណ៍នៅទីក្រុងភ្នំពេញមានភាពធ្លាក់ចុះ មិនសូវមមារញឹកដូចមុន។ ភាពស្ងប់ស្ងាត់នេះដោយសារប្រជាជនខ្លះមានការភ័យខ្លាច ដែលជាហេតុមិនទៅធ្វើការនៅការិយាល័យ ហើយធ្វើការពីផ្ទះ ដែលជាសកម្មភាពមួយមិនមានផលប៉ះពាល់អ្វីច្រើន ប៉ុន្តែវាប៉ះពាល់ដល់ការចាយវាយ ដែលជាកត្តាមួយធ្វើឱ្យសេដ្ឋកិច្ចមិនសូវមានភាពលូតលាស់។ជាមួយគ្នានេះការរឹតត្បិតដូចជាការរឹតត្បិតសាលារៀន មណ្ឌលកំសាន្ត រោងភាពយន្ត ឬតំបន់ទេសចរណ៍ផ្សេងៗ ទាំងនេះជាផ្នែកមួយដែលរំខានដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ។

បើតាមលោកបណ្ឌិត ឆេង គឹមឡុង ផ្នែកដែលមានការប៉ះពាល់ច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះមានដូជចជា ទី១គឺសកម្មភាពសិក្សាអប់រំ ទី២ គឺចំណាយរបស់រដ្ឋទៅលើវិស័យសុខាភិបាលក្នុងការពិនិត្យសុខភាព ឬធ្វើតេស្តជូនប្រជាជនជាដើម មួយវិញទៀតគឺមានការចំណាយទៅលើការអន្តរាគមន៍ផ្សេងៗរួមទាំងអន្តរាគមន៍សុខាភិបាល។ ប៉ុន្តែនេះជាចំណាយមួយដែលមិនអាចជៀសបានទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ការប៉ះពាល់ទៅលើផ្នែកសិក្សាអប់រំរបស់ក្មេងៗ ផលិតភាពការងារ ដែលធ្វើឱ្យសមត្ថភាព និងគុណភាពមានការធ្លាក់ចុះ។

រីឯវិស័យអចលនទ្រព្យវិញ លោកមើលឃើញថា ពុំទាន់មានផលប៉ះពាល់ជាក់លាក់ណាមួយភ្លាមៗនៅឡើយទេ ដោយសារតែវាកើតឡើងភ្លាមៗពេកហើយមើលមិនឃើញទេ ក៏ប៉ុន្តែលោកបណ្ឌិតគិតថា សកម្មភាពនៃការសាងសង់មួយចំនួនអាចនឹងត្រូវពន្យាពេលដោយសារតែរដ្ឋាភិបាលបានធ្វើការដាក់បម្រាមក្នុងការមិនឱ្យមានការជួបជុំគ្នា។ នេះជាហេតុធ្វើឱ្យមានការប៉ះពាល់ដល់វិស័យផ្គត់ផ្គង់ វិស័យដឹកជញ្ជូនទំនិញ សម្ភារៈសំណង់ទាំងអស់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចក៏បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈផ្ទុះឡើងនៅក្នុងសហគមន៍ វិស័យសេវាកម្មមានការថយចុះប្រមាណជា៦០ភាគរយ ដោយសារតែការផ្ទុះលឿននៃកូវីដ១៩នៅក្នុងសហគមន៍។ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ គួបផ្សំជាមួយនឹងរដ្ឋាភិបាលបានបិទសាលារៀនផងដែរនោះ ធ្វើឱ្យវិស័យសេវាកម្មទាំងវិស័យយអប់រំ វិស័យដឹកជញ្ជូន ភោជនីយដ្ឋាន និងសេវាកំសាន្តផ្សេងៗទៀតមានការធ្លាក់ចុះយ៉ាងខ្លាំង។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តថា នៅក្នុងដំណាក់កាលនេះវិស័យដែលមានផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យសេវាកម្មផ្គត់ផ្គង់ការដឹកជញ្ជូនមានដូចជា អ្នករត់កង់បី អ្នករត់ម៉ូតូឌុបជាដើម និងវិស័យសេវាកម្មតាមភោជនីយដ្ឋាន។

លោកបណ្ឌិតបានបន្តថា ដើម្បីស្រោចស្រង់វិស័យសេដ្ឋកិច្ចកម្ពុជាឡើងវិញ ជាបឋមគឺត្រូវមានការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ជាមុនសិន បន្ទាប់មកគឺគួរតែមានការជួយឧបត្ថមដល់ក្រុមដែលផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូនដូចជាអ្នករត់កង់បីជាដើម ដែលកំពុងតែមានវិបត្តិធ្ងន់ធ្ងរទៅលើវិបត្តិសេដ្ឋកិច្ច។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២១៧នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង