ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤កុម្ភៈនេះ បានប្រកាសច្រានចោលទាំងស្រុងទៅលើការផ្សាយរបស់សារព័ត៌មានអង្គរថាមស៍ (Angkor Times) ដែលបានផ្សាយផ្ដេសផ្ដាសអំពីរឿងមិនពិតថា ដោយដាក់ចំណងជើងព័ត៌មានថា៖“មានគេលក់វ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់ប្រទេសចិនក្នុងតម្លៃថ្លៃ”។
លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ដំណឹងផ្សព្វផ្សាយរបស់សារព័ត៌មានអង្គរថាមស៍ (Angkor Times) ថា មានការលួចលក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យកាល់ម៉ែត្រ នោះជារឿងមិនពិតនោះទេ។ ហើយក្រសួងសូមធ្វើការថ្កោលទោសចំពោះជនបំពុលសង្គម ដែលប្រឌិតនូវបញ្ហាព័ត៌មានមិនពិតនេះឡើង ពីព្រោះខាងក្រសួងមិនមានតម្រូវឱ្យអ្នកមកទទួលការចាក់វ៉ាក់សាំង បង់ប្រាក់នោះទេ។
ម្យ៉ាងវិញទៀត លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា នៅកម្ពុជាបច្ចុប្បន្ននេះ ក៏មិនមានចំនួនវ៉ាក់សាំងច្រើនណាស់ដែរ ហេតុនេះក្រសួងនឹងផ្ដល់បានតែក្រុមមនុស្សមួយចំនួន ដែលមានការប្រកាសរបស់ក្រសួងសុខាភិបាល ប្រកាសឱ្យទៅចាក់ប៉ុណ្ណោះ ព្រោះដោយសារចំនួនដូសនៃវ៉ាក់សាំងនៅកម្ពុជានៅមានចំនួនកម្រិត រក្សាទុក្ខសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងលើកទីមួយរួច អាចចាក់បង្រ្គប់លើកទីពីរបាន។ ក្រសួងត្រូវផ្ដល់ជូនដល់ក្រុមមនុស្ស និងបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋទាំងឡាយដែលចំាបាច់ ដោយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
សម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមិនទាន់មានឈ្មោះក្នុងការប្រកាសដែលក្រសួងប្រកាសស្ថិតនៅក្នុងក្រុមមនុស្ស សូមមេត្តាកុំអញ្ជើញមក និងសូមមេត្តាអភ័យទោស ដោយរង់ចាំក្រសួងផ្ដល់ដំណឹងឱ្យនៅពេលដែលកម្ពុជាមានវ៉ាក់សាំងមកដល់លើកក្រោយជាបន្តបន្ទាប់ទៀត។
លើសពីនេះ លោកជំទាវក៏បានធ្វើការអះអាងថា ក្រសួងនឹងមិនឱ្យមានហេតុការណ៍ការទិញលក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រអាចកើតឡើងដូចការផ្សាយបានពិតប្រាកដមែន។ ហើយក្រសួងសូមប្រមានដល់សារព័ត៌មានអង្គរថាមស៍ ជាជនបង្កដែលផ្សាយនូវខ្លឹមសារព័ត៌មានមិនព័ត៌មានមិនពិត បំពុលដល់សង្គមនោះ ទៅធ្វើការកែតម្រូវខ្លឹមសារព័ត៌មានរបស់ខ្លួនជាបន្ទាន់ និងសូមឱ្យអាជ្ញាធរ និងសមត្ថកិច្ច ធ្វើការចាត់វិធានការទៅតាមផ្លូវច្បាប់៕