ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៧កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាក និងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
បើតាមក្រសួងសុខាភិបាល តាមការស្រាវជ្រាវ ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ គឺមានលក្ខណៈធំជាង និងសាំញាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ ដោយអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានកូវីដ-១៩ នៅតាមទីតាំងនានា។
ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សហការ និងសាមគ្គីភាពគ្នា ដើម្បីចូលរួមដោយម៉ឺងម៉ាត់នូវការដាក់ចេញវិធានការនានា ប្រឆាំងកូវីដ-១៩។