
ភ្នំពេញ៖ សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីអធិការដ្ឋាននគរបាលទាំងអស់ ត្រូវចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តរបស់រដ្ឋឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់រថយន្ត Ford មានចំនួន៥០គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្ត ដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩។
ថ្លែងក្នុងកម្មវិធីនោះ សម្ដេចស ខេង បានគូសបញ្ជក់ថា នៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀតដែលត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរៈការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថាក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេសសល់នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។
សម្ដេចក៏បានសង្កត់ធ្ងន់ដែរថារថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោងប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តទាំងនេះឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។
សម្តេចក៏បានឆ្លៀតលើកឡើងពីករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកសក្ដិ និងបណ្ដេញចេញ។
គួរបញ្ជាក់ថា ស្នងការដែលទទួលបានរថយន្តមាន៖ ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង៕