ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសនៃចំនួនវ៉ាក់សាំងសរុប១លានដូស ដែលជាជំនួយរបស់ចិនផ្តល់ឲ្យកម្ពុជា បានមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យនេះ ខណៈវ៉ាក់សាំងនៅសល់ចំនួន ៤០ម៉ឺនដូសទៀតនឹងបញ្ជូនមកជាបន្តបន្ទាប់។
ការដឹកវ៉ាក់សាំងប្រឆាំងកូវីដ១៩ចិនមកកាន់កម្ពុជាពេលនេះ ត្រូវបានធ្វើឡើងដោយយន្តហោះពិសេសរបស់ប្រទេសចិន ហោះឆ្ពោះសំដៅមកកាន់ប្រទេសកម្ពុជា។សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងចិនដោយភាពសប្បាយរីករាយ និង បានត្រៀមធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។
វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ចំពោះអាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សា។
គួរបញ្ជាក់ថា កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្នុងគម្រោងប្រមាណ១១លានដូស ហើយកម្ពុជានៅខ្វះប្រមាណ៩លានដូសទៀត ដើម្បីត្រៀមចាក់ជូនប្រជាពលរដ្ឋប្រមាណជា១០លាននាក់។ ជំនួយវ៉ាក់សាំងក្នុងគម្រោង១១លានដូសនោះ រួមមាន វ៉ាក់សាំង Sinopharm របស់ចិនចំនួន១លានដូស ជំនួយCOVAX៧លានដូស ជំនួយអូស្រ្តាលី៣លានដូស។
បើតាមសម្តេចហ៊ុន សែន វ៉ាក់សាំងចំនួន៩លានដូសដែលនៅសល់នោះ កម្ពុជានឹងគ្រោងស្នើសុំជំនួយពីសហភាពអឺរ៉ុប ឬបារាំងជាដើម។ ហើយទន្ទឹមនឹងនេះ កម្ពុជាក៏គ្រោងនឹងទិញវ៉ាក់សាំងផ្សេងៗទៀត ដូចជា វ៉ាក់សាំងរបស់អង់គ្លេស Astra Zeneca ស្របពេលដែលកម្ពុជា បានទទួលលុយសប្បុរសជនប្រមាណជាង៥៧លានដុល្លារ ក្នុងយន្តការប្រឆាំងជំងឺកូវីដ១៩៕








