ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជាប់ជ័យលាភីលេខ២ បានទៅលើគម្រោងយុទ្ធនាការ “ផ្ទះ១ អំពូល១” ក្នុងកម្មវិធីពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជនរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១។
ឯកឧត្តម សក់ សេដ្ឋា បានប្រគល់ពានរង្វាន់ដល់ជ័យលាភីនៃកម្មវិធីពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន។ រដ្ឋបាលក្រុង ស្រុក និងសង្កាត់ ដែលទទួលជ័យលាភី រួមមាន៖
- ជ័យលាភីលេខ១ បានទៅលើគម្រោង “សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់
- ជ័យលាភីលេខ២ បានទៅលើគម្រោងយុទ្ធនាការ “ផ្ទះ១ អំពូល១” របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។
- ជ័យលាភីលេខ៣ បានទៅលើគម្រោង “អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ ១៥-១៦” របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់ជាផ្នែកមួយនៃការអនុវត្តគម្រោង "ពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាជាសារវ័ន្ត" ដែលគាំទ្រដោយ EU តាមរយៈសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។