ភ្នំពេញ៖ ជំនាញឌីសាញ គឺជាជំនាញមួយបែបដែលទាមទាការរិះរកគំនិតថ្មីៗ ប្លែក និងច្នៃប្រឌិតខ្ពស់ ហើយកាន់តែពិសេសបើបូកបញ្ចូលជាមួយបែបផែននៃសិល្បៈខ្មែរ គឺកាន់តែរស់រវើក។យុវជន សំអុល ដេវីដ អាយុ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀនជំនាញគំនូរសារគមនាគមន៍។យុវជនសំអុល ដេវីដ បានថ្លែងថា ការចាប់ជំនាញ«ឌីសាញ»នេះដោយគេមានបំណងចង់កែលំអរនូវចំណុចខ្វះចន្លោះដែលកម្ពុជាមិនមាន។
យុវជនសំអុល ដេវីដ បានរៀបរាប់ថា ជំនាញឌីសាញ គឺផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ របៀបជាសិល្បៈក្នុងការផ្សព្វផ្សាយព្រោះវាជាគំនូរខាងសារគមនាគមន៍ មានន័យថា គំនូរហ្នឹងគឺយកទៅប្រើការតាមរយៈ ការផ្សព្វផ្សាយដូចជា ផ្នែកប៉ាណូ ឡូហ្គោ ផុស្ទ័រ ឬការឆ្នៃប្រឌិតផ្នែកវេចខ្ចប់ និងតម្រូវការប្រើប្រាស់ផ្សេងៗទៀត ដែលតម្រូវឱ្យមានការសិក្សាស្រាវជ្រាវ និងរិះរកគំណិតថ្មីៗក្នុងការបង្កើតស្នាដៃនីមួយៗ។
និស្សិតរូបនេះបន្តថា ចំណុចពិសេសដែលជំរុញឱ្យរូបគេជ្រើសយកជំនាញដ៏ពិសេសមួយនេះ គឺដោយសារតែ បច្ចុប្បន្ននេះការកែច្នៃផលិតផល និងការរៀបចំស្លាកសញ្ញា ការវេចខ្ចប់ និងផ្នែកផ្សេងៗទាក់ទងនិងការឌីសាញ នៅមានកម្រិតមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ដូច្នេះ ទើបយុវជនរូបនេះចង់រៀនដើម្បីយកចំណេះដឹងមកចូលរួមផ្លាស់ប្ដូរ និងកែប្រែភាពមិនទាន់ល្អប្រសើរទាំងនេះ សម្រាប់ថ្ងៃមុខទៅមានការរីកចម្រើនទាន់សម័យកាលនៃការវិវត្តន៍របស់សាកលលោក ព្រោះថាបើអ្នកមានផលិតផលគុណភាពល្អ តែការផ្សព្វផ្សាយនៅមានកម្រិតនោះក៏ព័ត៌មាននៃផលិតផលនោះមិនបានទៅដល់មហាជនដែរ។
ប៉ុន្តែការរៀននូវជំនាញនេះ គឺទាមទារឱ្យសិស្សនិស្សិតមានការអត់ធ្មត់ និងច្នៃប្រឌិតខ្ពស់ក្នុងការស្រាវជ្រាវ និង សម្រេចស្នាដៃថ្មីៗប្លែកពីគេ។ ជាពិសេស គឺសិស្សត្រូវតែមានការស្រាវជ្រាវបន្ថែមដោយខ្លួនឯង ធ្វើយ៉ាងណាធានាថាខ្លួនបានយល់ច្បាស់ពីមេរៀន ទ្រឹស្ដី និងគោលគំណិតសំខាន់ៗ ដើម្បីយកមកច្នៃចេញជារូបរាងនៃផលិតផលមួយៗឱ្យស្រស់ស្អាតតាមស្ដង់ដារ និងទាក់ទាញ។
ថ្វីបើស្ថិតក្នុងវ័យសិក្សាមែនពិតតែយុវជនរូបនេះ ក៏ជា Freelance artistផ្នែកក្រាហ្វិកឌីសាញមួយរូបដែរ។ ដេវីដបានលើកឡើងថា បើនិយាយពីការចូលរួមក្នុងសង្គម ជំនាញនេះពិតជាសំខាន់ព្រោះបានចូលរួមផ្សព្វផ្សាយពីអ្វីជាស្នាដៃរបស់ខ្មែរ ជាផលិតផលខ្មែរ ដែលបានច្នៃប្រឌិតតាមបែបបទខ្មែរតាមរយៈរូបភាព តួយ៉ាងដូចជាស្លាកប៉ាណូជាដើម អ្នកឌីសាញគឺត្រូវគិតថា តើគួរប្រើប្រាស់រូបភាពបែបណាដែលសាកសម មានភាពទាក់ទាញដល់មហាជន ធ្វើយ៉ាងណាឱ្យមហាជនបានទទួលស្គាល់ពីខ្លឹមសារ និងយល់ពីអ្វីដែលបានផ្សាយចេញទៅ។ ដូច្នេះ គឺជំនាញគំនូរសារគមនាគមន៍នេះ ពិតជាមិនអាចខ្វះបាននោះទេ ហើយកាន់តែមានតម្រូវការទៀតផងនាពេលអនាគត។
តាមការយល់ឃើញរបស់និស្សិតរូបនេះ គឺថាក្នុងសង្គមខ្មែរបច្ចុប្បន្នទទួលបានការនិយម និងឱ្យតម្លៃខ្លះហើយទាក់ទងនិងសិល្បៈបែបឌីសាញនេះ តែមិនទាន់ទទួលបានភាពទូលំទូលាយទេ។ តែបើនិយាយពីធនធានដែលជាអ្នកច្នៃប្រឌិតវិញគឺមានច្រើន ព្រោះស្នាដៃនិមួយៗគឺមានភាពប្លែក ថ្មី និងបញ្ជាក់ពីអត្ដសញ្ញាណរបស់ខ្មែរផងដែរ។
និស្សិតរូបនេះបន្ថែមថា បច្ចុប្បន្នមានអ្នកឌីសាញជាច្រើនដែលបានបូកបញ្ចូលសិល្បៈខ្មែរ ភ្ជាប់ជាមួយការឌីសាញ ដើម្បីរំលេចជារូបភាពមួយ ជាការនាំសារមួយទៅកាន់មហាជន ដែលនេះគឺជាភាពច្នៃប្រឌិតថ្មីមួយដែលបញ្ជាក់ពីភាពទាន់សម័យបូករួមនិងបុរាណ ដូចពាក្យគេថា «បុរាណមិនយឺត សម័យមិនបរទេស»។ ក្នុងនាមជាអ្នកឌីសាញម្នាក់ ដេវីដយល់ថាត្រូវតែអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីបន្តកិច្ចការដែលខ្លួនស្រលាញ់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាមួយនេះប្រកបដោយភាពច្នៃប្រឌិតខ្ពស់រំលេចដោយសិល្បៈខ្មែរ ដែលអាចនឹងជំរុញឱ្យមហាជនកាន់តែចាប់អារម្មណ៍ និងឱ្យតម្លៃបន្តទៀតទៅលើជំនាញនេះ ។
បន្ថែមពីនេះ សម្រាប់តម្លៃក្នុងការឌីសាញមួយៗ គឺអាស្រ័យទៅលើភាពច្នៃប្រឌិតនៃស្នាដៃ ទំហំរូបភាព នីមួយៗ បូករួមនិងការប្រើប្រាស់ពណ៌ និងអាស្រ័យលើគោលបំណងនៃអ្នកប្រើប្រាស់ផងដែរ ឧទាហរណ៍ បើយកទៅធ្វើជាឡូហ្គោសម្រាប់បោះពុម្ពអាវ ជាធ្វើជាអាជីវកម្មផ្សេងៗទៀតគឺត្រូវគិតតម្លៃខុសៗគ្នា។
ដេវីដលើកឡើងទៀតថា៖«ក្នុងការរៀនជំនាញនេះមិនត្រឹមតែបានបំពេញចិត្តស្រលាញ់ជំនាញនេះមួយមុខទេ ថែមទាំងបានជួយសង្គមតាមរយៈរូបភាពផ្សេងៗ ពិសេសគឺបានរំលេចនិងបង្ហាញពីតម្លៃវប្បធម៌សិល្បៈខ្មែរទៅក្នុងការឌីសាញនៃស្នាដៃនីមួយៗផងដែរ»។
ដេវីដក៏បានបញ្ជាក់ដែរថា ប្រសិនបើនៅសង្គមយើងមិនទាន់មានការឱ្យតម្លៃក្នុងការឌីសាញ និងយល់ពីប្រយោជន៍វាទេ នោះអនាគតទៅជំនាញប្រភេទនេះនិងអន់ថយ ដើរមិនទាន់សម័យកាលនៃការវិវត្តនៃសាកលលោកទេ យ៉ាងណាមិញក៏ទាមទារឱ្យមានការឱ្យតម្លៃដល់អ្នកមានស្នាដៃនិងច្នៃប្រឌិតផ្នែកឌីសាញផងដែរ ទើបឧស្សាហកម្មប្រភេទនេះរីកចម្រើនទៅមុខ។
ទន្ទឹមនឹងនេះ និស្សិតរូបនេះក៏បានប្រៀបធៀបរវាងសិល្បៈដោយឌីជីថល និងសិល្បៈដោយដៃផងដែរ ពោលគឺវាមានគុណតម្លៃ និងគុណប្រយោជន៍ទៅតាមស្ថានការណ៍ខុសៗគ្នា ដូច្នេះឱ្យតែសិល្បៈនៃការច្នៃប្រឌិតសុទ្ធតែមានតម្លៃទាំងអស់៕