
ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២១នេះ តម្រូវការទីផ្សារសត្វជ្រូកក្នុងប្រទេសកម្ពុជា បានកើនឡើងជិត១ម៉ឺក្បាលក្នុងមួយថ្ងៃ ខណៈដែលក្រុមហ៊ុន និង កសិដ្ឋានចិញ្ចឹមជ្រូកកើនឡើង២០ភាគរយនៅឆ្នាំ២០២០។ការកើនឡើងនេះ គឺដោយសារតែស្ថានភាពកូវីដនៅកម្ពុជាថយចុះ និង មានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីជម្ងឺប៉េសជ្រូកអាហ្រ្វិក បានផុតរលត់នៅឆ្នាំ២០១៩ទៅ វិស័យចិញ្ចឹមសត្វជ្រូកបានប្រឹងប្រែងងើបឡើងវិញដោយមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម និង នាំឱ្យតម្រូវការទីផ្សារមានការកើនឡើងជាបន្តបន្ទាប់។
បើតាមលោក ស៊្រុន ពៅ មលដល់ពេលបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃសត្វជ្រូកដែលលក់ចេញទៅទីផ្សារមានចន្លោះពី ៧០០០ ក្បាល ទៅ៨០០០ក្បាល ហើយចំនួននេះ នៅមិនទាន់គ្រប់តម្រូវការនៅឡើយទេដោយនៅខ្វះប្រហែល២០០០ក្បាលទៀត ដូច្នេះកម្ពុជាត្រូវការនាំចូលពីប្រទេសជិតខាងបន្ថែម។
លោក ស៊្រុន ពៅ ថ្លែងថា "ការកើនឡើងតម្រូវការនេះ ដោយសារស្ថានភាពកូវីដ-១៩បានធូរស្រាលជាងមុន នាំឱ្យប្រជាពលរដ្ឋកម្ពុជាបានដើរហើរ ហើយកម្មវិធីនានាក៏ចាប់ផ្តើមដំណើរការផងដែរ ម្យ៉ាងវិញទៀតក៏បានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់មិនឱ្យនាំចូលដោយសេរី"។
ជាមួយគ្នានឹងការកើនឡើងតម្រូវការ ការកើនឡើងនូវក្រុមហ៊ុន និង កសិដ្ឋានចិញ្ចឹមក៏កើនឡើងផងដែរ។បើតាមលោក ស៊្រុន ពៅ មកដល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និង កសិដ្ឋានចំនួន៥០០កំពុងប្រតិបត្តិការណ៍ចិញ្ចឹមសត្វជ្រូក។ចំនួននេះកើនឡើង២០ភាគរយបើធៀបកាលពីឆ្នាំ ២០១៩។
ថ្លែងក្នុងពិធីពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែង ព្រមទាំងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែងនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០ សម្តេច ហ៊ុន សែន អះអាងថា សម្តេចបានច្រានចោលសំណើរនាំជូ្រករស់ចូលពីប្រទេសជិតខាងកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញបន្តទៅកាន់ប្រទេសវៀតណាម ។
ការច្រានចោលនេះ គឺដើម្បីការពារកសិករចិញ្ចឹមក្នុងស្រុក ព្រោះប្រសិនបើយល់ព្រមឲ្យមានការនាំចូលជ្រូក១នោះមកកម្ពុជាមែន ស្មើនឹង សម្លាប់កសិកររបស់ខ្មែរ ដែលកំពុងតែខិតខំចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ន។សម្រាប់សម្តេចប្រសិនជាកម្ពុជាត្រូវការនាំចូលជ្រូក គឺអនុញ្ញាតឱ្យនាំចូលនៅពេលកម្ពុជាមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់តែប៉ុណ្ណោះ។ ប៉ុន្តែបើការផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយ គឺមិនចាំបាច់នាំចូលពីគេទៀតឡើយ៕