
ភ្នំពេញ៖ ចំនួនប្រជាជកម្ពុជាដែលធ្វើការនៅក្នុងវិស័យកសិកម្មបានធ្លាក់ចុះ៥៤,៧ ភាគរយនៅក្នុងឆ្នាំ២០២១៩ ខណៈប្រជាជនដែលបម្រើការនៅក្នុងវិស័យហឧស្សាហកម្មបានកើនឡើងដល់១៨,៨ភាគរយនៅឆ្នាំ២០១៩។នេះបើយោងតាមរបាយការណ៍ជំរឿងនៅទូទាំងប្រទេសដែលប្រកាសដោយឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា។
សម្តេចបានបានថ្លែងថា ប្រមាណជា ៥៤,៧ ភាគរយ នៃប្រជាជនកម្ពុជាធ្វើការក្នុងវិស័យទីមួយ (កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ) បន្ទាប់មក គឺវិស័យការងារទីបី (សេវាកម្ម) មានអត្រា ២៦,៥ ភាគរយ ហើយចុងក្រោយគឺវិស័យការងារទីពីរ (ឧស្សាហកម្ម) មានអត្រា១៨,៨ ភាគរយ ។
បើតាមសម្តេច វិស័យការងារទាំងបីនេះសម្រាប់ ឆ្នាំ២០០៨ មានក្នុងអត្រា ៧២,៣% ១៩,២ ភាគរយ និង ៨,៥ ភាគរយ ។ ចំនួនប្រជាជនធ្វើការក្នុងវិស័យកសិកម្មនៅ ឆ្នាំ១៩៩៨ ស្មើនឹង ៧៧,៥ ភាគរយ បានធ្លាក់ចុះមកនៅត្រឹម ៧២,៣ ភាគរយ នៅឆ្នាំ២០០៨ នឹងធ្លាក់ចុះ ៥៤,៧ ភាគរយ នៅជំរឿនឆ្នាំ២០១៩។
រីឯវិស័យឧស្សាហកម្ម បានកើនពី ៤,៣ ភាគរយ នៅឆ្នាំ១៩៩៨ ដល់ ៨,៥ ភាគរយ នៅជំរឿនឆ្នាំ២០០៨ និងឡើងដល់ ១៨,៨ ភាគរយ នៅឆ្នាំ២០១៩។ នេះឆ្លុះបញ្ចាំងឲ្យឃើញពីការ ប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅរកវិស័យឧស្សាហកម្មជាបន្តបន្ទាប់ រយៈពេលចុងក្រោយនេះ ពិសេស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
យោងតាមរបាយការណ៍ជំរឿនក៏បានបញ្ជាក់ថា អត្រាចូលរួមកំលាំងពលកម្ម មានដល់ទៅ ៧៩,១ ភាគរយ ក្នុងក្រុមអាយុ ធ្វើការពី ១៥ ឆ្នាំឡើង ដែលក្នុងនោះអត្រាចូលរួមកំលាំងពលកម្មរបស់បុរសមានចំនួនច្រើនជាងស្ត្រី។ អត្រា គ្មានការងារធ្វើមានកម្រិតទាបគឺ ១,៣ ភាគរយ ប៉ុណ្ណោះក្នុងចំណោមក្រុមអាយុ ១៥ ឆ្នាំឡើង៕