
ភ្នំពេញ៖ គិតត្រឹមឆ្នាំ ២០១៩ ប្រជាជនសរុបមានចំនួន ១៥.៥៥២.២១១នាក់ ក្នុងនោះមានប្រុស ៧ ៥៧១៨៣៧ នាក់ និង ស្រី ៧ ៩៨០៣៧៤ នាក់។ក្នុងចំណោមរាជធានី ខេត្តទាំងអស់ រាជធានីភ្នំពេញមានប្រជាជនច្រើនជាងគេ គឺ ២.២៨១.៩៥១ នាក់ ឬ ១៤,៧% ។
ឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជាបានថ្លែងថា ដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥ នាក់នៅឆ្នាំ ២០០៨ ទៅ ៨៧ នាក់ នៅឆ្នាំ២០១៩។ ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍។ រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ប្រមូលផ្តុំដោយមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាប្រភពទាក់ទាញស្រូបយកការធ្វើចំណាកស្រុកមកពីបណ្តាខេត្តផ្សេងទៀតដោយសារផ្តល់ប្រភពការងារ និងការរីកចំរើនវិស័យឧស្សាហកម្មកាត់ដេរ សំណង់ សណ្ឋាគារ ទេសចរណ៍ និងអប់រំ ។ល។ នៅរាជធានីភ្នំពេញមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតគឺ ៣.៣៦១ នាក់ ក្នុងផ្ទៃដីមួយ គីឡូម៉ែត្រការ៉េ ។ ខេត្តកោះកុង និងខេត្តមណ្ឌលគីរី ជាខេត្តមានដង់ស៊ីតេប្រជាជនទាបបំផុត (១២នាក់ និង ៦នាក់) ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ ។
បើតាមសម្តេច ក្នុងចំណោមរាជធានី ខេត្តទាំងអស់ រាជធានីភ្នំពេញមានប្រជាជនច្រើនជាងគេ គឺ ២.២៨១.៩៥១ នាក់ ឬ ១៤,៧% តាមលំដាប់លំដោយ ខេត្តកណ្តាល (៧,៧%) ព្រៃវែង (៦,៨%) សៀមរាប (៦,៥%) បាត់ដំបង (៦,៤%) តាកែវ (៥,៨%) និងកំពង់ចាម (៥,៨%) ចំណែកខេត្តកែបវិញ មានប្រជាជនទាបបំផុត (០,៣%) ប៉ុណ្ណោះ ។
យោងតាមរបាយការណ៍ និន្នាការកើនឡើងនូវតំបន់ទីប្រជុំជនទូទាំងប្រទេស។ ភាគរយនៃប្រជាជន ទីប្រជុំជនបានកើនេពី ១៩,៥ ភាគរយ នៅឆ្នាំ២០០៨ ដល់ ៣៩,៤ ភាគរយ នៅឆ្នាំ ២០១៩។ប្រជាជនដែលធ្លាប់ធ្វើការផ្លាស់ប្តូរលំនៅដ្ឋានក្នុងអតីតកាលមុនធ្វើ ជំរឿនមានតែ ២១,៥ ភាគរយ ក្នុងចំណោមប្រជាជនសរុប។
ដោយឡែកចំពោះអ្នកចេះភាសាខ្មែរ គឺជាភាសាកំណើតច្រើនលើសលុបនៅក្នុងប្រទេស គឺ ៩៥,៨ ភាគរយ។ អ្នកនិយាយភាសាកំណើតជនជាតិដើមភាគតិច រួមមាន ២,៩ ភាគរយ ។ អ្នកនិយាយភាសាបរទេសជាភាសាកំណើតរួមមានតែ១,៤ ភាគរយ ប៉ុណ្ណោះ៕