
ភ្នំពេញ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ថ្មីមួយ បានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឲ្យប្រជាពលរដ្ឋពង្រឹងការបើកបរ ប្រុងប្រយ័ត្ន ជៀសវាងប៉ះពាល់ដល់កម្មករជាជនស្លូតត្រង់នៅលើរថយន្តមានគ្រោះថ្នាក់ និងរងផលប៉ះពាល់។
បើតាមលោក ស៊ុន មេសា នៅព្រឹកថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្តដឹកកម្មករពង្រឹងការបើកបរ ពង្រឹងការប្រុងប្រយ័ត្ន និងវិជ្ជាជីវៈខ្ពស់ក្នុងការបើកបរ ដោយប្រជាពលរដ្ឋដែលអ្នកបញ្ជារថយន្តតាមដងផ្លូវទាំងអស់គួរអធ្យាស្រ័យខ្ពស់ យោគយល់ខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើងឡើងដែលប៉ះពាល់ដល់កម្មករដែលជាជនស្លូតត្រង់នៅលើរថយន្តមានគ្រោះថ្នាក់ និងរងផលប៉ះពាល់។

គួរបញ្ជាក់ថា បើតាមលោក ស៊ុន មេសា គិតចាប់ពីខែមករា ដល់សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មរចំនួន ៣ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ ស្លាប់ ១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨នាក់ (ស្រី ៧០នាក់)។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម៕

