
ភ្នំពេញ៖ អ្នកនាំពាក្យ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែឧសភានេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មានថា ថ្មីៗនេះ មានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ លោក ស សុខា រូបភាពថតជាមួយ លោក ឬលោកជំទាវ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។ ករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ លោក ស សុខា ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថា ត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។

បើតាមអ្នកនាំពាក្យ បានបញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ លោក ស សុខា ហើយទង្វើនេះ បណ្ដាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងគុណធម៌របស់លោក និងលោកជំទាវ ព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃកម្ពុជាដែរ។ ករណីនេះ អ្នកនាំពាក្យ បានព្រមានមិនថាស្រ្តីរូបនោះ គឺរាល់បុគ្គលផ្សេងទៀត រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬរូបភាពថតជាមួយ លោក និងលោកជំទាវ ទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ និងលាភសក្ការៈ ជាពិសេសការយកទៅអួតអាងកាងគំរាមអ្នកដទៃ ឬយកទៅធ្វើជាខ្នងបង្អែកនៃអំពើខុសច្បាប់របស់ខ្លួន។
ជាមួយគ្នានេះ អ្នកនាំពាក្យ ក៏បានស្នើជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ ភ្ជាប់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើមិនគប្បីដូចបានបញ្ជាក់ខាងលើ ហើយក្នុងករណីកើតមានអំពើណាមួយគួរឱ្យសង្ស័យ សូមទាក់ទងទៅកាន់ខុទ្ទកាល័យ លោក ស សុខា ដើម្បីជម្រះមន្ទិល៕