Khmer suport khmer cc time

«រថយន្តដឹកដីមួយគ្រឿង»បើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុករថយន្ត៣គ្រឿង បណ្ដាលឱ្យមនុស្ស ២០នាក់របួសធ្ងន់ស្រាល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញ ផ្ដើមចេញមកពីរថយន្ដដឹកដីមួយគ្រឿងស្លាកលេខចង្កូតស្ដាំ KDL-1399 បើកបរដោយឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២២ឆ្នាំ មកពីឃុំតុងរ៉ង ស្រុកកំពង់ចាម បានបើកបរលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុករថយន្ត៣គ្រឿងរងការខូចខាត និងរបួសមនុស្ស ២០នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រ១៦-១៧ស្ថិតនៅចំណុចភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដឹកដីខាងលើបើកបរពីទិសខាងត្បូងទៅទិសខាងជើងដល់ចំណុចកើតហេតុរថយន្តដឹកដី បានរេចង្កូតបុករថយន្ដមួយគ្រឿងម៉ាក LEXUS HS250H ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BV-3910 ហើយបន្ដរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ISUZU (ប្រភេទក្រឡុកសុីម៉ង់)ស្លាកលេខ ភ្នំពេញ5A-0086 រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាកNissan ពណ៌សគ្មានពាក់ស្លាកលេខ (ជារថយន្ដដឹកកម្មកររោងចក្រ មានមនុស្ស៧៥ ស្រី៧៤នាក់)។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្ដើមចេញមកពីរថយន្ដដឹកដីស្លាកលេខចង្កូតស្ដាំKDL-1399 មិនបន្ថយល្បឿន និងមានការធ្វេសប្រហែសលើការបើកបរបានបង្កការខូចខាតសម្ភារៈទ្រព្យសម្បត្ដិរថយន្ដ ៤គ្រឿង និងរបួសមនុស្ស២០នាក់ស្រី១៦នាក់។ សមត្ថកិច្ចនគរបាលបានបញ្ជូនអ្នករបួសទៅមន្ទីរព្យាបាលនិងយកវត្ថុតាងបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការតាមនិតិវិធីបន្ត៕


Khcct banner

អត្ថបទទាក់ទង