Khmer suport khmer cc time

Les Cités Associées របស់បារាំងចាប់ដៃគូជាមួយ អូស៊ីអាយស៊ី (OCIC) ដើម្បីបង្កើតគម្រោងវប្បធម៌នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ត្រូវបានជ្រើសរើសដោយគម្រោងអន្តរជាតិមួយដែលមានឈ្មោះថា «Les Cités associées» ដែលដឹកនាំដោយស្ថាប័ន «Cité internationale de la langue française» និងមជ្ឈមណ្ឌលបេតិកភណ្ឌជាតិ (Centre des monuments nationaux) ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌បារាំង។ កម្មវិធីនេះភ្ជាប់ស្ថាប័នវប្បធម៌មកពីទ្វីបចំនួនប្រាំ ដើម្បីបង្កើតគម្រោងជុំវិញភាសា និងវប្បធម៌។

គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសដោយឯកឧត្តមប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី ២០ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា។ លោក Paul Rondin នាយកនៃមជ្ឈមណ្ឌល «Cité Internationale de la langue française» បានណែនាំអំពីគម្រោង «Les Cités associées» នៅក្នុងកិច្ចពិភាក្សាតុមូលមួយដែលមានឈ្មោះថា «Grand Debat» នៅឯភូមិហ្រ្វង់កូហ្វូនី (Village de la Francophonie) ដោយបានប្រកាសថា OCIC គឺជាសមាជិកស្ថាបនិកមួយ ហើយមានគម្រោងនានាដែលដឹកនាំដោយអ្នកស្រី ពុង ការ៉ូលីន និងលោក Thierry Tea។

ក្នុងឱកាសនោះដែរ លោក Paul Rondin បានប្រកាសអំពីគម្រោងដំបូងគេដែលនឹងចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា គឺការបង្កើត «សួនព្រះឥន្ទ្រ» នៅក្នុងកោះពេជ្រ ដែលជាសួនរុក្ខជាតិ និងវប្បធម៌ មានទំហំមួយហិកតា។

រូបសំណាកព្រះឥន្ទ្រ គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងទេសភាពនៃតំបន់កោះពេជ្រ ដែលជួយបន្ថែមនូវបរិយាកាសបែបធម្មជាតិ ភាពស្ងប់ស្ងាត់ សោភណភាពបែបសាសនា និងអត្តសញ្ញាណវប្បធម៌។ នៅក្នុងសួននេះ មានដើមត្នោតខ្មែរជាច្រើនដើម ហើយថ្មីៗនេះ ក្រុមការងាររបស់ OCIC និង Cité internationale បានរួមគ្នាដាំដើមត្នោតថ្មីមួយដើមបន្ថែមទៀត។

ក្រុមហ៊ុន OCIC ទទួលបន្ទុកអភិវឌ្ឍគម្រោងនេះ ដោយសហការជាមួយស្ថាប័ន Cité internationale de la langue française និងវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut français du Cambodge) ជាពិសេសលើការរៀបចំខ្លឹមសារពិពណ៌នា ការបកស្រាយ ការដាក់ស្លាកសម្គាល់ និងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធ។ លោក Paul Rondin បានមានប្រសាសន៍ថា៖ «ភាពចម្រុះនៃភាសាគឺជាចំណុចខ្លាំងមួយ។ ភាសាជាកត្តាជំរុញឱ្យមានសន្ទុះផ្នែកវប្បធម៌។ យើងកំពុងបន្តជំរុញគម្រោងនេះទៅមុខ ហើយគម្រោងនេះនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ នេះជាគម្រោងដែលមានអត្ថន័យ និងមានសារៈសំខាន់ខ្លាំងចំពោះយើង»។

សួនព្រះឥន្ទ៖ គម្រោងដំបូងនៅរាជធានីភ្នំពេញ

នៅឯភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC ដែលបានដឹកនាំការផ្លាស់ប្តូរ និងរៀបចំទិសដៅថ្មីសម្រាប់តំបន់កោះពេជ្រក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ រហូតធ្វើឱ្យតំបន់នេះមានការវិវត្តកាន់តែពេញលេញ បានមានប្រសាសន៍ថា៖ «យើងបានចាប់ផ្តើមការផ្លាស់ប្តូរនៅចំកណ្តាលកោះពេជ្រ តាមរយៈការអភិវឌ្ឍឡើងវិញនូវតំបន់ជុំវិញសាលបុរីកោះពេជ្រកោះពេជ្រ។ គម្រោងដែលមានទំហំ ៦ ហិកតានេះ នឹងរួមបញ្ចូលនូវ «សួនព្រះឥន្ទ្រ» ទំហំ ១ ហិកតា ដែលគ្រោងនឹងលេចរូបរាងឡើងនៅអំឡុងពាក់កណ្តាលឆ្នាំ ២០២៧ ដោយប្រមូលផ្តុំរុក្ខជាតិមកពីប្រទេសកម្ពុជា និងជុំវិញពិភពលោក»។

លោក Thierry Tea បានបន្ថែមថា៖ «យើងមានកិត្តិយសណាស់ដែលបានលើកយកផ្នែកខ្លះនៃរឿងរ៉ាវវប្បធម៌បុរាណរបស់កម្ពុជាមកបង្ហាញ និងចែករំលែកជូនភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ យើងរីករាយដែលពួកគេនឹងអាចស្វែងយល់អំពីប្រភេទរុក្ខជាតិផ្សេងៗគ្នា តាមរយៈព័ត៌មានដែលផ្តល់ជូនជាភាសាខ្មែរ បារាំង និងអង់គ្លេស ព្រមទាំងបានទស្សនាស្នាដៃសិល្បៈដែលរៀបរាប់ពីប្រវត្តិសាស្ត្រកម្ពុជាក្នុងដំណាក់កាលផ្សេងៗគ្នា។ ទីនេះនឹងក្លាយជាកន្លែងដ៏ស្ងប់ស្ងាត់ ដែលអនុញ្ញាតឱ្យអ្នកមកទស្សនាអាចដើរកម្សាន្តដោយរីករាយ និងភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ នៅចំកណ្តាលទីក្រុង។ កិច្ចសហការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ក្នុងការថែរក្សាតំបន់វប្បធម៌ទាំងនេះ ដើម្បីឱ្យភ្ញៀវអន្តរជាតិ ក៏ដូចជាយុវជនកម្ពុជាជំនាន់ក្រោយ បានស្វែងយល់ រៀនសូត្រ និងចងចាំ»។

សួននេះត្រូវបានដាក់ឈ្មោះតាម «ព្រះឥន្ទ្រ» ហើយមានទីតាំងស្ថិតនៅក្នុងបរិវេណសួនច្បារនៃសាលបុរីកោះពេជ្រ។ សួននេះនឹងមានដាក់តាំងស្នាដៃសិល្បៈដែលទទួលបានការបំផុសគំនិតពីប្រវត្តិរបស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី និងសាលារបាំរបស់ព្រះអង្គ ដោយបង្ហាញពីដំណើររឿងរបស់តួអង្គសំខាន់ៗ រួមមាន ទេពអប្សរ, ហនុមាន និងការរំឭកដល់ព្រះមហាក្សត្រ ព្រះបាទ ជ័យវរ្ម័នទី ៧ ដែលជាក្សត្រដែលបានលើកស្ទួយអាណាចក្រខ្មែរនាសម័យអង្គរ។

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន យើងចាំបាច់ត្រូវរក្សាឱ្យវប្បធម៌របស់យើងនៅតែរស់រវើក ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់អាចភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយឫសគល់ និងប្រវត្តិសាស្ត្ររបស់ខ្លួន។ សួនព្រះឥន្ទ្រនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបានស្វែងយល់ពីរុក្ខជាតិ និងបេតិកភណ្ឌខ្មែរ ខណៈដែលអង្គការ Les Cités associées នឹងជួយតភ្ជាប់គម្រោងនេះ ទៅកាន់ស្ថាប័ននានានៅក្នុងបណ្តាប្រទេសហ្រ្វង់កូហ្វូន (Francophonie) ផងដែរ។»

បណ្តាញមួយដែលតភ្ជាប់ស្ថាប័ននានានៅទូទាំងទ្វីបទាំងប្រាំ

Les Cités associées ប្រើភាសាបារាំងជាភាសាចែករំលែក ខណៈពេលដែលលើកទឹកចិត្តឱ្យមានការសន្ទនាជាមួយភាសា និងវប្បធម៌ផ្សេងទៀត។ សមាជិកស្ថាបនិកនៃបណ្ដាញនេះគឺ៖

អាស៊ី៖ អូស៊ីអាយស៊ី (OCIC) ភ្នំពេញ កម្ពុជា

អឺរ៉ុប៖ Cité internationale de la langue française, Villers-Cotterêts, ប្រទេសបារាំង

អាមេរិកខាងត្បូង៖ Museu da Língua Portuguesa, São Paulo, ប្រទេសប្រេស៊ីល

អាមេរិកខាងជើង៖ Maison de la chanson និង de la musique du Québec, Montreal, ប្រទេសកាណាដា

អាហ្រ្វិក៖ Musée du Livre, Conakry, ប្រទេសហ្គីណេ

អូសេអានី៖ សាលាភាសា និងវប្បធម៌ សាកលវិទ្យាល័យ Queensland, ប្រទេសអូស្ត្រាលី

តាមរយៈសមាគម Les Cités ក្រុមនឹងធ្វើការជាមួយក្រសួងវប្បធម៌បារាំង និងស្ថាប័នបារាំង និងអន្តរជាតិផ្សេងទៀត ដើម្បីបង្កើតគំនិតផ្តួចផ្តើមវប្បធម៌ថ្មីៗនៅកម្ពុជា។

Khcct banner

អត្ថបទទាក់ទង