ភ្នំពេញ៖ ល្ខោនខោលវត្តស្វាយអណ្តែត គឺជាល្ងោនបុរាណដ៏ចំណាសរបស់ខ្មែរ ដែលត្រូវបាន UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ដើម្បីអបអរសាទរភាពជោគជ័យនៃការចុះបញ្ជី នៅថ្ងៃទី២៨ វិច្ឆិកាស្អែកនេះ ល្ខោនខោលវត្តស្វាយអណ្តែត នឹងសម្តែងជូនអ្នកទេសចរជាតិ និងអន្តរជាតិជនទស្សនា នៅមាត់ស្ទឹងខេត្តសៀមរាប និងលានជល់ដំរី។
យោងតាម ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ការៀបចំសម្តែងទស្សនីយភាពនេះ ធ្វើឡើងក្នុងគោលបំណងជម្រុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរ គាំទ្រដល់សិល្បករសម្តែង និងក្រុមការងារ ព្រមទាំងថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស និងជាពិសេសបង្ហាញពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ដែលមានបរិយាកាសទីក្រុងដ៏រស់រវើក ធម្មជាតិដ៏ស្រស់ស្អាត និងផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ចម្រុះពេញមួយឆ្នាំ។
ចំពោះ “ល្ខោនខោលវត្តស្វាយអណ្តែត” គឺតំណាងឱ្យសិល្បៈទម្រង់ល្ខោនរបាំប្រុសដ៏ចំណាស់របស់កម្ពុជា និងមានគុណតម្លៃលើផ្នែកចំណេះដឹង ប្រវត្តិសាស្ត្រ សាសនា និងពិធីសាសនា ដែលទាក់ទងនឹងទេវកថាខ្មែរ ជាពិសេសរឿងរាមកេរ្តិ៍ ហើយត្រូវបានចុះបញ្ជីជា បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក របស់យូណេស្កូ កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ក្រៅពីការ “ល្ខោនខោលវត្តស្វាយអណ្តែត” ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា កាលពីកន្លងទៅក៏មានរៀបចំសម្តែងទស្សនីយភាពសិល្បៈបេតិកភណ្ឌវប្បធម៌អរូបីចំនួនមានជាអាទិ៍៖ ល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ ឱ្យភ្ញៀវទេសចរទស្សនា នៅ មាត់ស្ទឹងខេត្តសៀមរាប និងលានជល់ដំរី ដើម្បីអបអរសាទរ ការចុះបញ្ជីក្នុងបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជារបស់ UNESCO ផងដែរ៕