ភ្នំពេញ៖ ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា នឹងរៀបចំកម្មវិធី «Cambodia’s World Heritage » ដែលកម្មវិធីនេះមានបង្ហាញជូននូវការសម្តែងទស្សនីយភាពដូចជា ល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងល្ខោនខោលវត្តស្វាយអណ្តែត ឱ្យភ្ញៀវទេសចរទស្សនា នៅ មាត់ស្ទឹងខេត្តសៀមរាប និងលានជល់ដំរី ដើម្បីអបអរសាទរដល់បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
យោងតាមក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ការសម្តែងល្ខោនស្រមោលស្បែកធំ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៧យប់ នៅមាត់ស្ទឹងសៀមរាប។ គុនល្បុក្កតោ នឹងសម្តែងជូនឱ្យទស្សនា នៅថ្ងៃទី២៧ ខែវិច្ឆិកា ចាប់ពីម៉ោង ៤:៣០ រសៀន នៅលានជល់ដំរី។ ចុងក្រោយ ល្ខោនខោលវត្តស្វាយអណ្តែត នឹងសម្តែងជូនឱ្យទស្សនា នៅថ្ងៃទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៧យប់នៅមាត់ស្ទឹងសៀមរាប។
លើសពីការអបអរសាទរដល់បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជម្រុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរ គាំទ្រដល់សិល្បករសម្តែង និងក្រុមការងារ ព្រមទាំងថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស និងបង្ហាញពីសក្តានុពលរបស់ខេត្តសៀមរាបក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ដែលមានបរិយាកាសទីក្រុងដ៏រស់រវើក ធម្មជាតិដ៏ស្រស់ស្អាត និងផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ចម្រុះពេញមួយឆ្នាំ។
គួរបញ្ជាក់ ល្ខោនស្រមោលស្បែកធំត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ល្ខោនខោលវត្តស្វាយអណ្តែតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨, គុនល្បុក្កតោ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបើយោងតាមក្រសួងវប្បធម៌៕