កណ្តាល៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនចំនួន៤កន្លែង ក្នុងខេត្តកណ្តាល ត្រូវបានផ្លាស់ប្តូរភារកិច្ច និងតែងតាំងមន្ត្រីថ្មីឱ្យចូលកាន់តំណែង ដោយក្នុងនោះមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងច្រកទ្វារតំបន់ព្រំដែនចំនួន២។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលធ្វើឡើងតាមសំណើរបស់រដ្ឋបាលខេត្តកណ្តាល បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន៤រូប និងប្រគល់ភារកិច្ចជូនមន្ត្រីថ្មីចំនួន៣រូប ឱ្យកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទាំង៤កន្លែង។
ចំពោះមន្ត្រីដែលត្រូវផ្ទេរភារកិច្ចរួមមាន៖ លោក ព្រំ ចាន់ធី ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ, លោក ខៀវ ចំរុង ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងលោក ទ្រូ គ្រី ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា។ មន្ត្រីទាំង៣រូបនេះ ត្រូវបានផ្ទេរឱ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។
ដោយឡែក លោក ឈុន ចាន់រិទ្ធី ដែលជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ ត្រូវបានផ្ទេរឱ្យទៅកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន៣រូប ឱ្យកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនផងដែរ។ ក្នុងនោះ លោក វ៉ាត វៃ ត្រូវបានតែងតាំងជាប្រធានច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ លោក សែ ជុនទ្រី ជាប្រធានច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា និងលោក ម៉ុក ផានិត ជាប្រធានច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ។
តាមសេចក្តីសម្រេចដដែល អាណត្តិបំពេញភារកិច្ចរបស់មន្ត្រីដែលទទួលបានការប្រគល់ភារកិច្ចនេះ មានរយៈពេល២ឆ្នាំ។ នៅពេលអាណត្តិបញ្ចប់ រដ្ឋបាលខេត្តកណ្តាលត្រូវលើកសំណើសុំផ្លាស់ប្តូរ ឬបន្តអាណត្តិទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច៕