Khmer suport khmer cc time

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរសម្តេច ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗចំនួន២ នៅវៀតណាមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗចំនួន២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម បានចាត់តាំងអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ូរ អនុប្រធានសមាគម និងជាប្រធានគណៈកម្មការដឹកជញ្ជូន ភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ឱ្យដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងដំណើរបំពេញបេសកកម្មនេះ ដោយមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី។

គណៈប្រតិភូដែលនឹងចូលរួមមាន អ្នកឧកញ៉ា អ៊ុង លីហេង អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ និងលោក ម៉ៅ សុទ្ធីវឌ្ឍ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព» និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល និងការកសាងអនាគតប្រកបដោយវិបុលភាព»។

សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូនាពេលនេះ គឺជាការបង្ហាញពីការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស និងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជាជាមួយសហគមន៍ធុរកិច្ចអន្តរជាតិ៕

អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ូរ 
អ្នកឧកញ៉ា អ៊ុង លីហេង
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន
អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ 
លោក ម៉ៅ សុទ្ធីវឌ្ឍ


Khcct banner

អត្ថបទទាក់ទង