
ភ្នំពេញ៖ប្រជាពលរដ្ឋរស់តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២៧ វិច្ឆិកានេះ បានចេញតវ៉ា និងដាក់លិខិតទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីទទូចស្នើសុំឱ្យពិនិត្យឡើងវិញលើ គម្រោងពង្រីកផ្លូវជាតិលេខ ១ ក្រោមហេតុផលថា គម្រោងនេះរងផលប៉ះពាល់ច្រើនគ្រួសារ និងមិនទាន់មានដំណោះស្រាយច្បាស់លាស់ដល់ពួកគាត់។
យោងតាមលិខិតដែល ស៊ីស៊ីថាមស៍ ទទួលបាន ក្រុមប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងផ្លូវជាតិលេខ១ ក្នុងសង្កាត់បាវិត ក្រុងបារិត ខេត្តស្វាយរៀង បានដើរដាក់លិខិតស្នើសុំទៅកាន់អាជ្ញាធរពាក់ព័ន្ធឱ្យត្រួតពិនិត្យឡើងវិញលើ គម្រោងពង្រីកផ្លូវជាតិលេខ១ និងផ្លាស់ប្តូរគម្រោងទៅទីតាំងផ្សេងដែលមិនឱ្យជាន់លើផ្លូវជាតិលេខ១ ឬទីប្រជុំជនក្នុងទីក្រុងបាវិត។
ក្រុមប្រជាពលរដ្ឋ អះអាងថា គម្រោងពង្រីកនេះ បានប៉ះពាល់ដល់លំនៅឋាន និងដីធ្លីរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ប៉ះពាល់ដល់ហាងលក់ដូរទំនិញនានា និងមុខរបរអាជីវកម្មដែលជាប្រភពចំណុលសម្រាប់គ្រួសារពួកគាត់ ខណៈគ្រួសារខ្លះត្រូវជំពាក់បង់ធនាគារ។
ក្នុងលិខិតនោះ ក្រុមប្រជាពលរដ្ឋ បានអះអាងថា ការតវ៉ានេះ គឺមិនមានចេតនាប្រឆាំងជាមួយគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនោះទេ។ប៉ុន្តែពួកគាត់ចង់ប្រាប់ពីក្តីកង្វល់ ទុក្ខលំបាក់ និងផលប្រយោជនរួម ក៏ដូចជាផលប៉ះពាល់ជាច្រើនរបស់ក្រុមប្រជាពលរដ្ឋដែលកំពុងរស់នៅ តាមបណ្តោយអមសងខាងផ្លូវជាតិលេខ១នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១១ វិច្ឆិកា ២០២៦ រដ្ឋបាលក្រុងបាវិត បានជូនដំណឹងដល់ប្រជាពលរដ្ឋស្តីពីគម្រោងពង្រីកផ្លូវជាតិលេខ១ ជា១០គន្លងផ្លូវ ប្រវែង៧,៥៨ គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត ដើម្បីតភ្ជាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលវិនិយោគដោយក្រុមហ៊ុនរដ្ឋចិន CRBC និងឱ្យពលរដ្ឋរុះរើ និងកែសម្រួលសំណងនានាចេញពីទីតាំងឱ្យបានមុខថ្ងៃទី ៣០ វិច្ឆិកា ២០២៦នេះ៕