Khmer suport khmer cc time

ក្រសួងការងារហាមការផ្សព្វផ្សាយជ្រើសរើសពលករទៅធ្វើការនៅទ្វីបអាហ្វ្រិក ដើម្បីការពារពីហានិភ័យនៃការជួញដូរមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារកម្ពុជា បានហាមឃាត់ការផ្សព្វផ្សាយ និងការជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ខណៈរាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម ឬការបញ្ជូនពលករទៅធ្វើការនៅតំបន់នេះនៅឡើយទេ។

ក្រសួងបានឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរមួយចំនួនបានចេញទៅធ្វើការនៅទ្វីបអាហ្វ្រិក។ ការទៅធ្វើការនៅប្រទេសដែលកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងការងារជាមួយ អាចប្រឈមនឹងហានិភ័យខ្ពស់ ជាពិសេសអាចធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបុគ្គល ឬក្រុមហ៊ុនដែលផ្សព្វផ្សាយ ឬអូសទាញឱ្យចូលធ្វើការនៅទ្វីបអាហ្វ្រិក ដោយសន្យាថានឹងបញ្ជូនទៅធ្វើការដោយផ្ទាល់ ឬធ្វើដំណើរឆ្លងកាត់ប្រទេសទី៣ ព្រមទាំងផ្តល់ការសន្យាអំពីប្រាក់ខែខ្ពស់ និងប្រាក់ឧបត្ថម្ភផ្សេងៗ។

ក្រសួងបញ្ជាក់ថា ការផ្សព្វផ្សាយ និងការចុះជ្រើសរើសពលករដើម្បីបញ្ជូនទៅធ្វើការនៅទ្វីបអាហ្វ្រិកនាពេលនេះ គឺជាសកម្មភាពខុសច្បាប់។ ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋបានឃើញ ឬទទួលព័ត៌មានអំពីសកម្មភាពទាំងនេះ សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

ចំពោះប្រជាពលរដ្ឋដែលមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម អាចទាក់ទងទៅក្រសួងតាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ ១២៩៧។

ក្រសួងក៏បានអំពាវនាវឱ្យសាធារណជនចូលរួមផ្សព្វផ្សាយ និងសហការទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ ដើម្បីការពារប្រជាពលរដ្ឋពីហានិភ័យនៃការជួញដូរមនុស្ស៕

Khcct banner

អត្ថបទទាក់ទង