ភ្នំពេញ៖ លោក Kenichi Ogura នាយកវិទ្យាស្ថានស្រាវជ្រាវ ITOMOS និងជាអ្នកបង្កើតមាតិកាដ៏ល្បីមកពីប្រទេសជប៉ុន ដែលធ្លាប់សម្ភាសអតីតនាយករដ្ឋមន្ត្រីជប៉ុនជាច្រើនរូប និងពាណិជ្ជករល្បីៗលើពិភពលោក បានមកដល់កម្ពុជា ដើម្បីជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនជប៉ុន។
លោក Kenichi Ogura ព្រមទាំងតំណាងក្រុមហ៊ុន JTI បានចូលរួមពិភាក្សាជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន តាមរយៈបណ្តាញផ្សព្វផ្សាយ រួមទាំងមាតិកាឌីជីថល។
អ្នកបង្កើតមាតិការូបនេះ បានបង្ហាញការបេ្តជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបទពិសោធទេសចរណ៍នានារបស់កម្ពុជាទៅកាន់ប្រជាជនជប៉ុន តាមរយៈដំណើរទេសចរណ៍ដែលរូបលោកបានមកដល់កម្ពុជានាពេលនេះ ដោយប្រើប្រាស់បណ្តាញផ្លូវការរបស់រូបលោកដែលមានអ្នកតាមដាន (Followers) រាប់លាននាក់ ជំរុញប្រជាជនជប៉ុនមកទស្សនាកម្ពុជាឱ្យបានច្រើនឡើង។
ជាការឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលោក Kenichi Ogura ព្រមទាំងបានស្នើលោក Kenichi Ogura ជួយផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សន្តិសុខ និងសង្គមពិត ដែលរូបលោកបានជួបក្នុងអំឡុងការស្នាក់នៅកម្ពុជានាពេលនេះ ជាពិសេសគឺកត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយដូចដែលរូបលោកបានកោតសរសើរនាពេលនេះ ជូនដល់ប្រជាជន និងវិនិយោគិនជប៉ុន ដើម្បីបង្កើនទំនុកចិត្តក្នុងការអញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជា។ ក្រសួងទេសចរណ៍ ក៏ត្រៀមរួចជាស្រេចក្នុងការសហការជាមួយវិទ្យាស្ថានក្នុងការ សម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់អ្នកបង្កើតមាតិកា និងដៃគូពាក់ព័ន្ធបានស្វែងយល់ពីគោលដៅទេសចរណ៍នានា និងសក្តានុពលទេសចរណ៍របស់កម្ពុជានានាបន្ថែមពីលើប្រាសាទអង្គរវត្ត និងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា លោក Kenichi Ogura ជាអតីតនិពន្ធនាយកទស្សនាវដ្តី President ដែលជាទស្សនាវដ្តីផ្នែកជំនួញដ៏ធំលេខ១ នៅជប៉ុន និងជានាយកវិទ្យាស្ថានស្រាវជ្រាវ ITOMOS ដែលធ្លាប់បានសម្ភាសន៍ឥស្សរជនល្បីៗ ជាង២០០រូប ពីប្រទេសជប៉ុន និងជុំវិញពិភពលោក ដូចជាអតីតនាយករដ្ឋមន្រ្តីជប៉ុន Kazuo Inamori និងលោកមហាសេដ្ឋី Warren Buffet៕