Khmer suport khmer cc time

មន្រ្តីជំនាញ ចុះពិនិត្យ«សាំងពណ៌ក្រហម» រកឃើញគុណភាពតាមលក្ខខណ្ឌតម្រូវត្រឹមត្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម បានសហការគ្នាត្រួតពិនិត្យ ស្រាវជ្រាវ និងតាមដានករណី “សាំងពណ៌ក្រហម” ក្រោយមានការផ្សព្វផ្សាយបញ្ចេញមតិមួយចំនួនពាក់ព័ន្ធនឹង បញ្ហាគុណភាពប្រេងឥន្ធនៈ បង្ករឱ្យមានការចាប់អារម្មណ៍និងចម្ងល់ ពីសំណាក់សាធារណៈជននិងអ្នកប្រើប្រាស់។ ក្រោយចុះពិនិត្យតាមស្ថានីយមួយចំនួន ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកណ្តាល មន្រ្តីជំនាញ បានរកឃើញថាគុណភាពប្រេងឥន្ធនៈមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវត្រឹមត្រូវ។

ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ដែលរួមមានអគ្គនាយកដ្ឋានប្រេងកាត និងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង (ក.ប.ប.) បានសហការគ្នាត្រួតពិនិត្យ ស្រាវជ្រាវ និងតាមដានករណីខាងលើដោយបានធ្វើការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈក្នុងការនាំចូល សន្និធិ ការដឹកជញ្ជូន និងការចែកចាយនៅតាមស្ថានីយលក់រាយ។

ក្រុមការងារ បានចុះត្រួតពិនិត្យគុណភាពប្រេងសាំងនៅតាមស្ថានីយមួយចំនួន ដោយមានទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ តាមលទ្ធផលនៃការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ទាំងនោះ បានបង្ហាញថា គុណភាពប្រេងឥន្ធនៈមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវ។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈពាក់ព័ន្ធបានរាយការណ៍អំពីវិធានការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈរបស់ខ្លួន រួមមានការត្រួតពិនិត្យគុណភាពមុននិងក្រោយការនាំចូល ការធ្វើតេស្តសំណាកគំរូនៅឃ្លាំងស្តុក ការបញ្ជូន សំណាកទៅមន្ទីរពិសោធន៍ឯករាជ្យ និងការតាមដានការដឹកជញ្ជូន និងការចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រសួងទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្ត នឹងបន្តយកចិត្តទុកដាក់លើករណីនេះ និង បានដាក់ចេញនូវយន្តការសហការបន្តក្នុងការស្រាវជ្រាវ តាមដាន និងប្រមូលព័ត៌មានពាក់ព័ន្ធបន្ថែមទៀត ជាពិសេសការស្វែងរកទីតាំងដែលអាចមានបញ្ហាគុណភាពប្រេងឥន្ធនៈ ក៏ដូចជាប្រភពនៃការចែកចាយ ដើម្បីធានាឱ្យការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈនៅលើទីផ្សារប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន។

ក្នុងករណីសាធារណៈជន ឬអ្នកប្រើប្រាស់មានការសង្ស័យពាក់ព័ន្ធនឹងគុណភាព ប្រេងឥន្ធនៈ ឬបាននិងកំពុងជួបប្រទះករណីគុណភាពប្រេងឥន្ធនៈមិនល្អ សូមសហការរាយការណ៍អំពីទីតាំង ស្ថានីយឬទីតាំងចែកចាយប្រេងឥន្ធនៈនោះមក ក្រសួង ស្ថាប័ន មានសមត្ថកិច្ច តាមរយៈលេខទំនាក់ទំនង អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ៖ ០៩២ ៧២២ ៥៦៦ និងអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល ៖ ០១២ ៧១៧ ៧២៥៕

Khcct banner

អត្ថបទទាក់ទង