
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន នៅថ្ងៃទី៩ មីនានេះ បានថ្លែងថាក្រោយពីជម្ងឺបានផ្ទុះឡើង រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រជាជនកម្ពុជាបានផ្ដល់ការគាំទ្រជាសម្ភារៈ និងថវិកាជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនចិនក្នុងការពុះពារឧបសគ្គមួយនេះ។ប្រជាជនចិន មិនអាចបំភ្លេចនូវជំនួយគាំទ្រដ៏ស្មោះត្រង់ និងកក់ក្ដៅរបស់ប្រជាជនកម្ពុជានោះទេ។
ការថ្លែងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់។
លោកបានលើកនូវសុភាតចិនថាមួយថា “រប៉ាក់ផ្កាលើក្រណាត់សូត្រមានភាពងាយស្រួល តែការផ្ដល់នូវធ្យូងកម្ដៅក្នុងរដូវរងាវាមិនងាយស្រួលនោះទេ”។
លោក វ៉ាង វិនធៀន បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាជាអ្នកជិតខាងល្អប្រពៃ មានទំនាក់ទំនងជិតស្និទ្ធ និងមានលក្ខណៈពិសេស។ ជាង៦០ឆ្នាំមុន ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង មេដឹកនំាចិនជំនាន់មុនៗ បានដំាដើមឈើមិត្តភាពចិន-កម្ពុជាដោយផ្ទាល់។ ឥឡូវវាបានបែកមែកសាខា និងទទួលបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើនអនេក។ បច្ចុប្បន្ននេះ ប្រទេសចិននិងកម្ពុជាកំពុងតែកសាងសហគមន៍ជោគវាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។
លោកថា នៅដើមខែកុម្ភៈ គ្រាដែលប្រជាជនចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូរូណាCOVID-19 សម្ដេចហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិន ដើម្បីបង្ហាញអំពីទំនុកចិត្តដ៏មុតមាំក្នុងការពួតដៃគ្នាជាមួយនឹងប្រជាជនចិនពុះពារឧបសគ្គ ហើយក៏បានលើកកម្ពស់មិត្តភាពប្រពៃណីចិន-កម្ពុជាយ៉ាងល្អប្រសើរ។