ឧត្ដរមានជ័យ៖ វីដេអូខ្លីមួយ កំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមខ្មែរ នៅពេលដែលលោកអាចារ្យដឹកនាំកម្មវិធី បានយំសម្រក់ទឹកភ្នែក នៅពេលសំឡេងប៉ីពកបន្លឺឡើង ក្នុងពិធីអភិសេករូបបដិមា «ព្រះគោព្រះកែវ» ខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា។
តាមរយៈវីដេអូនោះ គេឃើញមានបុរសម្នាក់ស្លៀកពាក់ដូចក្នុងរឿង «ព្រះគោព្រះកែវ» ហើយបានផ្លំប៉ីពក។សំឡេងប៉ីពក បានបន្លឺឡើង នាំឱ្យលោកអាចារ្យយំសម្រក់ទឹកភ្នែក ហើយក្រោយមក លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ក៏បានចូលទៅជួយសម្រួលនិងជូតទឹកភ្នែកជូនគាត់។
លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្ដរមានជ័យ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ការយំសម្រក់ទឹកភ្នែករបស់លោកអាចារ្យនេះ គឺដោយសារគាត់មានអារម្មណ៍រំជួលចិត្តខ្លាំង ក្រោយបានលឺសំឡេងប៉ីពក ព្រោះគាត់បានដាក់អារម្មណ៍ខ្លាំង ចំពោះសំឡេងនេះ ដូច្នេះហើយបានធ្វើឱ្យគាត់យំទប់អារម្មណ៍មិនបាន។
គួរបញ្ជាក់ថា នៅថ្ងៃទី ៣ វិច្ឆិកានេះ ពិធីអភិសេករូបបដិមា «ព្រះគោព្រះកែវ» ស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្រោមអធិបតីភាព សម្តេច ម៉ែន សំអន។ពិធីអភិសេករូបបដិមា ព្រះគោព្រះកែវ នាពេលនេះ មិនត្រឹមតែជាការបំពេញកិច្ចតាមសាសនា និងជំនឿប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំលេចឡើងវិញនូវនិមិត្តរូបនៃរឿងព្រេង និងប្រវត្តិសាស្ត្រខ្មែរ ដើម្បីក្រើនរំលឹកដល់កូនខ្មែរជំនាន់ក្រោយឱ្យយល់ដឹងកាន់តែច្បាស់អំពីចរិតលក្ខណៈដើមនៃការកសាងជាតិ រួមទាំងតម្លៃនៃការថែរក្សាដូនតា និងសម្បត្តិវប្បធម៌ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ៕