ភ្នំពេញ៖ អាជ្ញាធរមីន និងអង្គការ HALO Trust បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជួយកាត់បន្ថយហានិភ័យដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន ជាមួយលោកស្រី Rebecca Wicks នាយិកាកម្មវិធីអង្គការ HALO Trust ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងភាពជាដៃគូ និងការបន្តសហការគ្នាលើការងារមីនមនុស្សធម៌ ដើម្បីធានាថា សកម្មភាពបោសសម្អាតមីននៅកម្ពុជាអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។
កិច្ចសហប្រតិបត្តិការនេះក៏មានគោលដៅរួមចំណែកដល់ការកសាងសហគមន៍ដែលមានសុវត្ថិភាព ដោយកាត់បន្ថយផលប៉ះពាល់ និងការគំរាមកំហែងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព៕