កាងស៊ូ៖ ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទុនហួង នាថ្ងៃទី២ វិចិ្ឆកា បានជួបពិភាក្សា ពិនិត្យមើលលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ការធ្វើឡើងនេះ កំឡុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុនហ័ង ខេត្តកាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទុងហ័ង តាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌវប្បធម៌ ការប្រើប្រាស់សម្បត្តិបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ ព្រមទាំងការអភិវឌ្ឍទេសចរណ៍ពេលរាត្រីនៅខេត្តសៀមរាប តាមរយៈការសម្តែងសិល្បៈផ្លូវសូត្រ «Along the Silk Road» និង «Tales of the Silk Road» និងការរៀបចំទស្សនកិច្ចសិក្សាផ្លាស់ប្តូររវាងមន្ត្រីនៃស្ថាប័នទាំងពីរ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក CHENG LIANG លេខាបក្សនៃវិទ្យាស្ថានទុងហ័ង ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសតំបន់អង្គរ ដែលអាចអភិវឌ្ឍជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានអញ្ជើញលោក CHENG LIANG ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្របខាងមុខ៕