ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២ ខែវិច្ឋិកា ឆ្នាំ២០២៦នេះ បានប្រកាសព័ត៌មានស្ដីពី ការរកឃើញមូលហេតុចំនួន៣ ដែលធ្វើឱ្យមានបញ្ហាខុសទិន្នន័យនៃបញ្ជី និងសំបុត្រអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋ។
បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ផ្អែកលើទិដ្ឋភាពជាក់ស្តែង កំហុសទិន្នន័យនៃបញ្ជី និងសំបុត្រអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋ មានលក្ខណៈចម្រុះ និងស្មុគស្មាញ។ ករណីនេះ អគ្គនាយកដ្ឋាន បានរកឃើញមូលហេតុចំនួន៣ រួមមាន៖ទី១. កំហុសមួយចំនួន បានកើតឡើងដោយអចេតនា។ មានន័យថាទាំងមន្ត្រីផ្តល់សេវា និងប្រជាពលរដ្ឋ បានរួមគ្នាពិនិត្យ ឬផ្ទៀងផ្ទាត់ដែរ ប៉ុន្តែមិនបានកត់សម្គាល់អំពីកំហុស។ ទី២. កំហុសមួយចំនួន បានកើតឡើងដោយសារមន្ត្រីផ្តល់សេវាធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ ខ្វះការទទួលខុសត្រូវ ដោយមិនអនុវត្តតាមការណែនាំ ឬការបណ្តុះបណ្តាលកន្លងមក។
ចំណែក ទី៣. កំហុសមួយចំនួនទៀត បានកើតឡើងដោយសារពលរដ្ឋ (មួយចំនួន) ធ្វេសប្រហែស ឬផ្តល់ ព័ត៌មានដោយផ្ទាល់មាត់ ឬស្មានៗ ហើយយល់ព្រមទទួលយកឯកសារពីមន្ត្រីផ្តល់សេវា ដោយ មិនបានពិនិត្យឡើងវិញ ដោយសម្អាងថាខ្លួនប្រញាប់ ឬខ្លួនមិនចេះអក្សរ។
ក្នុងនោះ អគ្គនាយកដ្ឋាន ក៏បានរកឃើញករណីមួយចំនួនទៀត ដោយអ្នកស្នើសុំសេវាបានផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬកែទិន្នន័យ ដោយចេតនា ដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ។ ជាក់ស្តែង មានករណី បុគ្គលខ្លះ បានព្យាយាមកែដំឡើងអាយុដើម្បីស្នើសុំចូលធ្វើការ ឬបន្ថយអាយុមិនទាន់ចង់ចូល និវត្តន៍ ឬកែទិន្នន័យផ្សេងទៀតដើម្បីស្នើសុំទិដ្ឋាការ (វីសា) ទៅក្រៅប្រទេស ដែលខុសនឹងការ កំណត់របស់ច្បាប់។ ករណីមួយចំនួនទៀត ពលរដ្ឋបានខ្ចីសំបុត្រកំណើតគ្នាប្រើ ដោយមនុស្សពីរនាក់ ឬច្រើននាក់ប្រើសំបុត្រកំណើតតែមួយជាដើម៕