កំពង់ធំ៖ អគ្គនាយ ARDB បានណែនាំ និងលើកទឹកចិត្តដល់កសិករដែលរស់នៅជិតប្រភពទឹក គួររក្សាទឹកទុក និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់មកលើតែកម្ពុជាមួយទេ ប៉ុន្តែបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក។
ថ្លែងដូច្នោះ ក្នុងឱកាសពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុកប្រជាកសិករក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពាក់ព័ន្ធវិស័យកសិកម្មនេះ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា បញ្ហាដែលប្រជាកសិករជាអ្នកធ្វើស្រែនៅចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ នឹងជួបជាមួយវិបត្តិខ្វះទឹក ដោយសារបាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក។
លោកបន្ថែមថា «បើខ្វះទឹក កសិករមិនអាចធ្វើកសិកម្មបានទេ។ ដូច្នេះបងប្អូនគិតគូបញ្ហានេះឱ្យបានមែនទែន។ កុំឱ្យធ្វើស្រែហើយ ព្រួសគ្រាប់ទើបដុះបានតិចតួច ហើយភ្ជួរចោលវិញ។ ការភ្ជួរចោលត្រូវចំណាយទៅលើថ្លៃភ្ជួរចោល អស់ថ្លៃពូជជី កម្លាំងពលកម្ម ពេលវេលា ខាតប្រាក់អត់ប្រយោជន៍។ ដូច្នេះ អ្នកនៅជិតប្រភពទឹកគួររក្សារទឹកទុក និងប្រើសន្សំសំចៃឱ្យបានច្រើនបនិ្តចបើចង់ធ្វើកសិកម្មបន្តទៀត ព្រោះវិបត្តិវាមិនមែនប៉ះពាល់តែកម្ពុជាទេ ប៉ុន្តែប៉ះពាល់ទូទាំងពិភពលោក»៕