Cctimesw1140xh150cm copy

យុវជនសាវី អារីណា ចាប់ជំនាញមគ្គុទេសទេសចរណ៍ដើម្បីចង់លើកស្ទួយវិស័យទេសចរណ៍ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក រីណា ដឹកនាំដំណើរកម្សាន្តទៅខ្នងផ្សារ(រូបភាព រីណា) 

ភ្នំពេញ៖ រៀនជំនាញទេសចរណ៍ គឺមិនមែនដោយសារតែចិត្តស្រលាញ់មួយមុខទេ គឺដោយសារតែចង់ក្លាយជាផ្នែកមួយចូលរួមលើកតំកើង ផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិ និងបែបប្រវត្តិសាស្រ្ត និងដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ទេសចរណ៍ទាំងនោះ។ នេះបើតាមការលើកឡើងរបស់មគ្គុទេសទេសចរណ៍វ័យក្មេង លោក សាវី អារីណា។

ជានិស្សិតជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច និងជាមគ្គុទេសទេសចរណ៍នៅតំបន់ភ្នំពេញ ផ្នែកភាសាអង់គ្លេស ស្ថិតក្នុងវ័យ២១ ឆ្នាំ លោក សាវី អារីណា មានចិត្តចង់លើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនគ្រប់ស្រទាប់វណ្ណៈ។

និស្សិតរូបនេះបានបង្ហើបឱ្យដឹងថា ជំនាញជាមគ្គុទេសទេសចរណ៍ ជាអាជីពមួយដែលល្អ ដែលរូបលោកចាត់ទុកជាអាជីពមួយដែលអាចជួយផ្សព្វផ្សាយអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។

លោកបន្តថា អាជីពនេះ គឺជាជំនាញក្នុងក្ដីស្រមៃតាំងពីរូបលោកនៅក្មេង។ លោកថា រូបលោកធំធាត់ឡើងក្នុងតំបន់ប្រវត្តិសាស្រ្តមួយនាសម័យឧត្តុង ឈ្មោះថា «ភូមិឃ្លាំងស្បែក» ដោយពីក្មេងរូបលោកបានឃើញកប៉ាល់ទេសចរណ៍ជាច្រើនបានចតក្នុងភូមិរបស់លោក នាសម័យនោះមានភ្ញៀវទេសចរអន្តរជាតិជាច្រើន ជាពិសេសជនជាតិអង់គ្លេស ជនជាតិអូស្រ្តាលី បានមកសិក្សាប្រវត្តិសាស្រ្ត ការរស់នៅរបស់ប្រជាជនក្នុងភូមិ និងស្វែងយល់ពីសិប្បកម្មរបស់ពលរដ្ឋក្នុងភូមិ ដែលកាលនោះប្រជាជនសម័យនោះប្រកបរបរ មួកចាក់ពីអំបោះ។

យុវជនរូបនេះបន្តថា កត្តាទំាងនោះហើយ ដែលជំរុញរូបលោកឱ្យកើតចិត្តស្រលាញ់ ចង់ចេះចង់ដឹង និងចង់ចាប់អាជីពជាមគ្គុទេសទេសចរណ៍តាំងពីវ័យក្មេងម្ល៉េះ។

រូបលោកបន្ថែមថា រូបលោកពិតជាស្រលាញ់ពេញចិត្តអាជីពនេះណាស់ ដោយហេតុថា ទីមួយវាអាចជួយផ្សព្វផ្សាយ តំបន់ទេសចរណ៍ទាំងបែបធម្មជាតិ និងបែបប្រវត្តិសាស្រ្ត ក៏ដូចជាបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។ ទីពីរ វាអាចបង្កើតទំនាក់ទំនងថ្មីៗជាមួយមនុស្សជុំវិញមកពីគ្រប់តំបន់ ។ ទីបី រូបលោកអាចទទួលបានបទពិសោធន៍ថ្មីៗល្អៗជាច្រើនពីមនុស្សជុំវិញខ្លួន។

លោក រីណា ពេលចុះហាត់ការនៅសៀមរាប (រូបភាព រីណា) 

ក្នុងនាមជាមគ្គុទេសទេសចរណ៍វ័យក្មេង រូបលោកក៏ជួបប្រទះនិងការលំបាកមួយចំនួនដូចជា ការលំបាកក្នុងការសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត ចំណេះដឹងថ្មីៗក៏ដូចជាការពង្រឹងចំណេះដឹង និងជំនាញទន់បន្ថែម និងការស្វែងរកកន្លែងដែលជាតំបន់កម្សាន្តថ្មីៗក្នុងតំបន់ព្រមទាំងបទពិសោធន៍នៅក្មេងខ្ចីដែលជាហេតុធ្វើឱ្យរូបលោកនៅមានចំណុចខ្វះច្រើនខាតក្នុងអាជីពនេះ។

លោកបានរាបរៀបថា មុនពេលចាប់ជំនាញជាមគ្គុទេសទេចរណ៍រូបលោក ក៏ធ្លាប់បម្រើការងារជាបុគ្គលិកផ្នែកសេវាកម្ម នៅក្នុងសណ្ឋាគារមួយកន្លែងនៅខេត្តកំពង់ធំផងដែរ។ លោកប្រកបការងារនេះរយៈពេលពីរឆ្នាំជាង បន្តមកទៀតរូបលោកក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការរៀបចំឡើងដោយសាកលវិទ្យាល័យមេគង្គកម្ពុជា រយៈពេលប្រាំមួយខែ ដោយប្រើប្រាស់ភាសាអង់គ្លេស ដោយរៀនជាទ្រឹស្ដីរយៈពេលបួនខែ និង រយៈពេលពីរខែទៀតចំណាយលើការហាត់ការនៅក្រុមហ៊ុនទេសចរផ្ទាល់ បន្ទាប់ពីទទួលវគ្គបណ្ដុះបណ្ដាលរួច ដើម្បីពង្រឹងចំណេះដឹងឱ្យសមស្របនិងទឹ្រស្ដី។

ដោយសារតែការខិតខំប្រឹងប្រែងចង់ចេះចង់ដឹង បន្ទាប់ពីរៀនវគ្គបណ្ដុះបណ្ដាលចប់ និស្សិតរូបនេះក៏បន្តទៅរៀនសូត្របន្ថែមជាមួយមគ្គុទេសទេសចរណ៍ជើងចាស់ ដែលមានបទពិសោធន៍យូរឆ្នាំ មុននឹងឈានជើងចេញប្រឡូកជាមគ្គុទេសទេសចរណ៍មកដូចសព្វថ្ងៃនេះតាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ។

លោក រីណា ដឹកនាំភ្ញៀវទេសចរអន្តរជាតិទៅទួលស្លែង (រូបភាព រីណា) 

លោកបានបន្ថែមថា រូបលោកមានចិត្តចង់លើកតំកើង ផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ឱ្យកាន់តែរីកសុះសាយទៅដល់មហាជនមិនថាក្នុងស្រុក និងក្រៅស្រុក ឱ្យបានដឹងបានស្គាល់ពីវិសាលភាព ភាពអស្ចារ្យ នៃធនធានធម្មជាតិក្នុងស្រុកខ្មែរ។ ពិសេស គឺចង់បង្កើតឱកាសការងារដល់ពលរដ្ឋក្នុងតំបន់ទេសចរណ៍ទាំងនោះឱ្យមានការងារធ្វើសមរម្យ និងរកចំណូលបានដោយងាយពីវិស័យទេសចរណ៍ ដូចជាផ្នែកម្ហូបអាហារ សេវាកម្ម អ្នកនាំផ្លូវ អ្នកដឹកជញ្ជូន ដែលទាំងនេះ បានជួយសម្រួលកត្តាជីវភាពដល់ពលរដ្ឋក្នុងតំបន់មកប្រកបរបរត្រឹមត្រូវ កាត់បន្ថយការប្រកបរបរខុសច្បាប់ដូចជាបរបាញ់ និងរានព្រៃជាដើម។

បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍មានភាពស្ងប់ស្ងាត់ យ៉ាងណាមិញ រូបលោកដែលជាមគ្គុទេសទេសចរណ៍ក៏រងផលប៉ះពាល់ដោយសារតែបញ្ហានេះដែរ។ ហើយក្រៅពីអាជីពជាមគ្គុទេសទេសចរណ៍ រូបលោកក៏មានរៀបចំក្រុមដើរកម្សាន្តនៅតាមរមនីយដ្ឋាន ដែលជាតំបន់ទេសចរណ៍ដ៏សំបូរបែបក្នុងស្រុកផងដែរ ទៅកាន់គោលដៅទេសចរណ៍ដ៏ស្រស់ស្អាតនៅតាមខេត្តនានា បែបបោះតង់ ឬវិលល្ងាច ទៅតាមការចង់បានរបស់ភ្ញៀវក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន។

ក្នុងនាមជានិស្សិតជំនាញទេសចរណ៍ និងជាមគ្គុទេសទេសចរណ៍មួយរូប រូបលោកពិតជាមានមោទភាពដែលបានសម្រេចបំណងមកចាប់ជំនាញនេះ ដែលបានចូលរួមផ្សព្វផ្សាយពីវិសាលភាពនៃទេសចរក្នុងស្រុកខ្មែរឱ្យកាន់តែមានភាពល្បីល្បាយ ក៏ដូចជាបានចូលរួមចំណេកផ្ដល់ការងារដល់ពលរដ្ឋតាមតំបន់ទេសចរណ៍នានាផងដែរ ត្បិតតែមិនធំដុំតែវាក៏ជាការចូលរួមមួយចំនែកផងដែរ។

យ៉ាងណាមិញ រូបលោកក៏លើកទឹកចិត្តឱ្យសិស្សថ្នាក់ទី១២ងាកមកចាប់អារម្មណ៍ជំនាញទេសចរណ៍នេះផងដែរ ដើម្បីជាចំណែកមួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរទៅមុខទៀត ព្រោះថាវិស័យទេសចរណ៍ពិតជាត្រូវការអ្នកជំនាញ និងធនធានដ៏មានសកត្តានុពលក្នុងការចួលរួមផ្សព្វផ្សាយ ម្យ៉ាងវិស័យទេសចរណ៍ គឺជាការវិនិយោគដែលមិនចេះរីកស្ងួត និងផ្ដល់ឱកាសការងារ លើកកម្ពស់សេដ្ឋកិច្ចជាតិជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង